តេអេរ៉ង់៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បានប្រាប់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ឲ្យដឹងថាការចរចា ដើម្បីស្តាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួមដ៏ទូលំទូលាយ (JCPOA) គួរតែមានផលិតភាព និងផ្លែផ្កា។

ការធ្វើសុន្ទរកថា នៅខាងក្រៅមហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Amir Abdollahian បានលើកឡើងថា បច្ចុប្បន្នគណៈប្រតិភូអ៊ីរ៉ង់ មិនមានការចរចាណាមួយលើ JCPOA ជាមួយភាគី ដែលនៅសល់ក្នុងកិច្ចព្រមព្រៀងនេះទេ។
លោកបន្ដថា “យើងបានជួបពិភាក្សាជាមួយភាគីផ្សេងៗគ្នា ជាលក្ខណៈបុគ្គល និងទ្វេភាគី។ នៅពេលការពិនិត្យឡើងវិញ នៃឯកសារ JCPOA ត្រូវបានបញ្ចប់នៅក្នុងប្រទេសអ៊ីរ៉ង់ សំភារៈ និងទស្សនៈនឹងត្រូវបានផ្លាស់ប្តូរនៅតុចរចា”។
លោកបានលើកឡើងថា“ យើងកំពុងពិនិត្យមើលវិធីសាស្រ្ត ចំពោះបញ្ហានៃការវិលត្រឡប់ ទៅរកការចរចាវិញ ហើយយើងនឹងត្រលប់ទៅតុចរចាវិញនៅឱកាសដំបូងបំផុត” ។
គណៈកម្មការចម្រុះ JCPOA ដែលចូលរួមដោយគណៈប្រតិភូអាមេរិក ដោយប្រយោលបានចាប់ផ្តើមជួបប្រជុំគ្នា នៅក្រៅប្រទេសនៅថ្ងៃទី០៦ ខែមេសា នៅទីក្រុងវីយែន។ បន្ទាប់ពីកិច្ចចរចាចំនួន ៦ ជុំ ដែលបានបញ្ចប់នៅថ្ងៃទី២០ ខែមិថុនាភាពខុសគ្នាដ៏ធ្ងន់ធ្ងរនៅតែមានរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក សម្រាប់ការស្តារកិច្ចព្រមព្រៀងនេះឡើងវិញ៕ ដោយ ឈូក បូរ៉ា
