បរទេស៖នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថារដ្ឋាភិបាលក្រុងអាតែននិងរដ្ឋាភិបាលក្រុងប៉ារីសនឹងឈាន ទៅដល់កិច្ចព្រមព្រៀងរវាងគ្នានៅព្រឹកថ្ងៃអង្គារនេះ ដើម្បីជម្រុញនិងធ្វើឲ្យស៊ីជម្រៅនៃ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រទៅ លើវិស័យការពារជាតិ។
លោក Mitsotakis ដែលបានថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ TV ERT នៅក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោក នៅក្នុងរដ្ឋធានីក្រុងប៉ារីសទៀតថាពួកយើងមកដល់ពេលនេះ គឺកំពុងឆ្ពោះទៅមុខនៃការពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រិកនិងបារាំងហើយកិច្ចព្រមព្រៀង មួយនឹងត្រូវប្រកាសនៅព្រឹក ថ្ងៃអង្គារជាមួយនឹងប្រធានាធិបតី បារាំងលោក Emmanuel Macron។
កាសែតបរទេសបានចេញផ្សាយ កិច្ចព្រមព្រៀងនោះ អាចទំនងជាមួយនឹងបញ្ចូលជាមួយ នឹងការលក់នាវាចម្បាំង Belharra និងអាវុធផ្សេងៗទៀតដែលវាត្រូវបាន អ្នកជំនាញមើលឃើញថា នឹងអាចជួយដល់បារាំងក្នុងពេលដែលខាតបង់យ៉ាងច្រើន ចំពោះកិច្ចព្រមព្រៀងដែលបានបាត់បង់ ជាមួយនឹងអូស្ត្រាលី នាពេលចុងក្រោយនេះ។
គួរឲ្យដឹងដែរថានៅក្នុងខែនេះផងដែរប្រទេសក្រិកបាន ប្រកាសយ៉ាងគួរឲ្យភ្ញាក់ផ្អើល ក្នុងការបញ្ជាទិញយន្តហោះចម្បាំង Rafale ប្រមាណជា៦គ្រឿងពីលើកិច្ចព្រមព្រៀង តម្លៃ២,៩ពាន់លានដុល្លារ ដែលធ្វើឡើងកាលពីខែមករាជាមួយ នឹងយន្តហោះចម្បាំង Rafale ដែលប្រើប្រាស់ ប្រមាណជា១២គ្រឿង៕
ប្រែសម្រួល៖ស៊ុនលី