បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយប្រាប់ថា យន្តហោះចម្បាំងចិន ចំនួន៥៦គ្រឿង បានហោះហើរចូលទៅក្នុងតំបន់កំណត់ការពារដែនអាកាសខ្លួន កាលពីថ្ងៃចន្ទ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI។
យន្តហោះចំនួន៥២គ្រឿង បានហោះចូលក្នុងតំបន់នោះ នៅក្នុងអំឡុងពេលថ្ងៃ ចំណែក៤គ្រឿង បានហោះចូលនៅពេលយប់ ហើយនេះគឺជាចំនួនដ៏ខ្ពស់បំផុត ក្នុងពេលតែមួយថ្ងៃ បន្ទាប់ពីតៃវ៉ាន់ចាប់ផ្តើមរាយការណ៍ ពីសាធារណៈ នូវហេតុការណ៍ពាក់ព័ន្ធយន្តហោះ ចូលក្នុងតំបន់កំណត់ការពារដែនអាកាស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះដែលហោះចូលក្នុងដែនអាកាស នៅក្នុងពេលថ្ងៃនោះ រួមមានយន្តហោះចម្បាំង J-16 ចំនួន៣៤គ្រឿង យន្តហោះទម្លាក់គ្រាប់ H-6 ចំនួន១២គ្រឿង យន្តហោះប្រឆាំងនាវាមុជទឹក Y-8 ចំនួន២គ្រឿង និងយន្តហោះព្រមានមុននិងគ្រប់គ្រង ដែនអាកាស KJ-500 ចំនួន២គ្រឿង ។
គួរបញ្ជាក់ថា ចាប់ផ្តើមពីដើខែតុលាមក យន្តហោះចម្បាំងចិនចំនួន១៤៥គ្រឿង បានហោះហើរចូលក្នុងតំបន់ ការពារដែនអាកាសតៃវ៉ាន់ នេះបើយោងតាមទិន្នន័យក្រសួងការពារជាតិ របស់កោះតៃវ៉ាន់៕ ប្រែសម្រួល៖ប៉ាង កុង