បរទេស៖ អង្គការសុខភាពពិភពលោក និយាយថា ខ្លួនកំពុងតែបញ្ជូនជំនួយកូវីដ១៩ ឲ្យដល់ប្រទេសកូរ៉េខាងជើង កាត់តាមកំពង់ផែព្រំដែន Dalian របស់ចិន បើទោះជាមានសញ្ញាតិចតួចបង្ហាញថា ប្រទេសកូរ៉េខាងជើ បានបន្ធូរបន្ថយបម្រាមគោចរតាមព្រំដែន ដើម្បីការពារមិនឲ្យមាន ជម្ងឺកូវីដ១៩ក៏ដោយ។
នៅក្នុងរបាយការណ៍ ប្រចាំសប្ដាហ៍ចុងក្រោយបំផុតរបស់ខ្លួន សម្រាប់តំបន់អាស៊ីទក្សិណ និងអាស៊ីបូព៌ា អង្គការសុខភាពពិភពលោក បាននិយាយប្រាប់ថា ខ្លួនបានចាប់ផ្តើមបញ្ជូនជំនួយនោះ កាត់តាមកំពង់ផែ Dalian ក្នុងប្រទេសចិន ដែលស្ថិតនៅជិតព្រំដែនជាប់ប្រទេសកូរ៉េខាងជើង។
អង្គការពិភពលោកនេះ បាននិយាយដូច្នេះថា “ដើម្បីផ្តល់ឲ្យសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ នូវការផ្គត់ផ្គង់ឱសថកូវីដ១៩ អង្គការ WHO បានចាប់ផ្តើមការដឹកជញ្ជូន តាមកំពង់ផែ Dalian ប្រទេសចិន សម្រាប់ការស្តុកទុកយុទ្ធសាស្ត្រ និងបញ្ជូនបន្តទៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ”។
តាមសេចក្តីរាយការណ៍ អង្គការសុខភាពពិភពលោក មិនបានផ្តល់សេចក្តីលម្អិតថា តើជំនួយនោះ នឹងពិតជាទៅដល់ប្រទេសកូរ៉េខាងជើងដែរឬក៏អត់នោះទេ ហើយមន្ត្រីនាំពាក្យមួយរូបរបស់អង្គការនេះ មិនបានផ្តល់ការឆ្លើយតបភ្លាមៗ នោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយ៕ ប្រែសម្រួល៖ ប៉ាង កុង