បរទេស ៖ មេដឹកនាំនៃប្រទេសអាល្លឺម៉ង់ និងបារាំង បានធ្វើកិច្ចសន្ទនាគ្នា តាមទូរស័ព្ទនៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយមេដឹកនាំ អ៊ុយក្រែន និងរុស្ស៊ី ដើម្បីពិភាក្សាគ្នា អំពីជម្លោះកំពុងកើតមាន នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត និងបានព្រមព្រៀងគ្នាថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំង៤ គួរតែជួបពិភាក្សាគ្នា ។
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ ជាលើកដំបូង ជាមួយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy ស្តីពីការអនុវត្ត កិច្ចព្រមព្រៀង ទីក្រុងមីនស្កិ៍ ដែលមានគោលដៅនាំមក នូវដំណោះស្រាយសន្តិវិធី ចំពោះជម្លោះនៅអ៊ុយក្រែន ។
រដ្ឋាភិបាល នៃប្រទេសអាល្លឺម៉ង់ បាននិយាយថា លោកស្រី Angela Merkel និងលោក Emmanuel Macron បាននិយាយជា មួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដោយជំរុញលោក ឲ្យធ្វើឲ្យមានការវិវត្ត ទៅមុខ នៃកិច្ចពិភាក្សាសន្តិភាព ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Daily Sabah នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយដូច្នេះថា “អ្នកសម្របសម្រួល បានព្រមព្រៀងគ្នា ស្នើឲ្យរដ្ឋមន្ត្រីការបរទេសខ្លួន ធ្វើការជួបពិភាក្សាគ្នា នាពេលខាងមុខឆាប់ៗនេះ ដើម្បីសម្រេចលើចំណុចនេះ”៕