ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ៖ អាមេរិក និងកូរ៉េខាងត្បូង គម្រាមកំហែង ដល់សន្តិភាព

បរទេស ៖ ខណៈកំពុងឈរនៅក្បែរមីស៊ីល ដ៏ធំបំផុត របស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ថា ការដាក់ពង្រាយអាវុធ នៃប្រទេស របស់លោក គឺជារឿងចាំបាច់ ក្នុងទីចំពោះមុខ នៃគោលនយោបាយអរិភាព ពីសហរដ្ឋអាមេរិក និងការបង្កើនយោធា នៅកូរ៉េខាងត្បូង ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មានកណ្ដាល កូរ៉េខាងជើង KCNA នៅក្នុង សុន្ទរកថាមួយ នៅពិធីតាំងពិព័រណ៍អភិវឌ្ឍន៍ ការពារជាតិ កាលពីថ្ងៃចន្ទម្សិលមិញនេះ មេដឹកនាំកូរ៉េខាងជើងរូបនេះ បាននិយាយថា ទីក្រុងព្យុងយ៉ាង គ្រាន់តែកំពុងបង្កើនយោធា ក្នុងកិច្ចការពារខ្លួនឯង និងមិនមែន ដើម្បីចាប់ធ្វើសង្គ្រាមនោះទេ ។

លោកបានបន្តដូច្នេះថា “យើងមិនកំពុងពិភាក្សា អំពីសង្គ្រាមជាមួយអ្នកណាម្នាក់នោះទេ ប៉ុន្តែដើម្បីទប់ស្កាត់ សង្គ្រាមដោយខ្លួនឯង និងតាមវោហារសាស្ត្រ គឺបង្កើនការទប់ស្កាត់មិនឲ្យមានសង្គ្រាម ដើម្បីការពារអធិបតេយ្យភាពជាតិ” ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានថ្លែងយ៉ាងដូច្នោះ ក្នុងខណៈឈរនៅក្បែរអាវុធផ្សេងៗ រួមមានទាំងមីស៊ីលផ្លោងឆ្លងទ្វីបផងដែរ ហើយនៅក្នុងចំណោមអាវុធ ទាំងនោះ មីស៊ីល Hwasong-16 គឺជាមីស៊ីលឆ្លងទ្វីបដ៏ធំបំផុត របស់ប្រទេសកូរ៉េខាងជើង ដែលបានបង្ហាញ នៅពិធីព្យុហយាត្រា យោធាមួយ កាល ពីខែតុលា ឆ្នាំ២០២០ ប៉ុន្តែនៅមិនទាន់ ធ្វើតេស្តសាកល្បង នៅឡើយនោះទេ ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top