សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សិង្ហបុរីបានរាយការណ៍ ពីករណីថ្មីចំនួន ២,៩៧៦ករណី នៃករណីឆ្លងជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនសរុប នៅក្នុងប្រទេសនេះ កើនឡើងដល់ ១៣២,២០៥ ករណី ។
ក្នុងចំណោមករណីថ្មីនេះមាន ២,៧២១ករណី ជាការចម្លងនៅក្នុងសហគមន៍ ២៥១ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋាន ចំណាកស្រុក និង ៤ ករណីទៀតជាករណីនាំចូល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ក្រសួងបានឲ្យដឹងថា បច្ចុប្បន្ននេះមានករណីសរុបចំនួន ១,៦១៩ករណី ត្រូវបានគេដាក់នៅក្នុងមន្ទីរពេទ្យ ដោយមានជំងឺធ្ងន់ធ្ងរចំនួន ២៩១ករណី ដែលត្រូវការការផ្តល់ អុកស៊ីសែនបន្ថែម និង ៤២ ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងអង្គភាពថែទាំបន្ទាន់ ។ ក្រៅពីនេះមានករណីចំនួន ១១ នាក់ទៀតបានស្លាប់ ដោយសារផលវិបាក ដោយសារការឆ្លងមេរោគកូវីដ-១៩ ។
គួរបញ្ជាក់ថា ៨៣ ភាគរយ នៃប្រជាជន ក្នុងតំបន់បានទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៥ ភាគរយ បានទទួលយ៉ាងហោចណាស់ មួយដូស ៕
ដោយ ឈូក បូរ៉ា