ព័ត៌មានអន្តរជាតិ

របាយការណ៍ របស់មន្ទីរបញ្ចកោណ ៖ យោធាអាមេរិកស្លាប់ ដោយសារការធ្វើអត្តឃាត កាន់តែច្រើន ក្នុងពេលរាតត្បាតជំងឺកូវីដ ១៩

បរទេស ៖ សមាជិកសេវាកម្ម កាតព្វកិច្ច របស់កងទ័ពអាមេរិក កាន់តែច្រើនបានស្លាប់ ដោយសារការធ្វើអត្តឃាតខ្លួនឯង នៅក្នុងត្រីមាសចុងក្រោយ (ត្រីមាសទី ២) នៃឆ្នាំ ២០២១ ចាប់តាំងពីការចាប់ផ្តើម នៃការរីករាលដាល នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរបញ្ចកោណ នាពេលថ្មីៗនេះដែលដកស្រង់ ដោយសារព័ត៌មាន AP ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការធ្វើអត្តឃាត នៅក្នុងកង កម្លាំងប្រដាប់អាវុធ អាមេរិកត្រូវបានគេប៉ាន់ ប្រមាណថា បានកើនឡើង ៤៦ ភាគរយបើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។ ក្រសួងការពារជាតិបានបង្ហាញថា សមាជិកកងទ័ពអាមេរិក ដែលមានកាតព្វកិច្ចសកម្មចំនួន ៦០ នាក់បានធ្វើអត្តឃាតខ្លួនឯង នៅក្នុងរយៈពេលនោះ បើប្រៀបធៀបទៅនឹងកាលពីឆ្នាំមុន មាន ៤១ នាក់ ។ ជំងឺរាតត្បាតកូវីដ ១៩ បានឆក់យកជីវិតបុគ្គលិកយោធា ៦៧ នាក់ចាប់តាំង ពីវិបត្តិសុខភាពចាប់ផ្តើម ។

បុគ្គលិកយោធាទាំងបំរុង និងសកម្មចំនួន ១៣៩ នាក់បានស្លាប់ ដោយសារការធ្វើអត្តឃាត នៅក្នុងត្រីមាសដូចគ្នា បើប្រៀបធៀបទៅនឹងឆ្នាំមុន មានចំនួន ១៣០ នាក់ ។

យោងតាមទិន្នន័យ ដែលមាននៅក្នុងការត្រួតពិនិត្យ តាមស្តង់ដាររបស់មន្ទីរបញ្ចកោណ ដែលបានចេញផ្សាយ នៅចុងខែកញ្ញា គឺមានការធ្វើអត្តឃាតចំនួន ៥៨០ នៅឆ្នាំ ២០២០ បើប្រៀបធៀបនឹងឆ្នាំមុន គឺមាន ៥០៤ ។ កងទ័ពឆ្មាំជាតិបានចុះបញ្ជីការ ធ្វើអត្តឃាតកើនឡើង ៣៥% ពី ៧៦ ក្នុងឆ្នាំ ២០១៩ ដល់ ១០៣ កាលពីឆ្នាំមុន ។ កាតព្វកិច្ចសកម្មនៃកម្លាំងយោធា បានឃើញការកើនឡើងជិត ២០% ខណៈការធ្វើអត្តឃាតរបស់កងម៉ារីនកើនឡើងជាង ៣០% ឈានដល់ ៤៧ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top