ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ បិទបេសកកម្មប្រចាំណាតូ ក្នុងជម្លោះស្តីពីចារកម្ម

បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងផ្អាកសកម្មភាពនានា របស់បេសកកម្មការទូតខ្លួន ប្រចាំនៅអង្គការណាតូ ក្រោយអង្គការសម្ពន្ធមិត្តនេះ បានបណ្ដេញមន្ត្រីរុស្ស៊ី៨រូប ក្នុងជម្លោះជុំវិញរឿងចារកម្ម។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានមានប្រសាសន៍ថា ជាការតបស្នងវិញ បុគ្គលិកនៅបេសកកម្មយោធា របស់ណាតូក្នុងទីក្រុងមូស្គូ នឹងត្រូវដកឈប់ទទួលស្គាល់ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ នេះបើតាមកាសែតរុស្ស៊ីនានា។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តីលោក Sergei Lavrov ដែលមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើសមាជិកណាតូ មានបញ្ហាបន្ទាន់ណាមួយ ពួកគេអាចធ្វើការទាក់ទង ទៅស្ថានទូតរបស់យើង នៅក្នុងប្រទេសប៊ែលហ្ស៊ិក ស្តីពីសំនួរទាំងនេះ”។

គួរបញ្ជាក់ថា អង្គការសម្ពន្ធមិត្តយោធាណាតូ បាននិយាយកាលពីថ្ងៃទី០៦ ខែតុលាថា ខ្លួនទើបបានបណ្ដេញសមាជិក បេសកកម្មរុស្ស៊ី ប្រចាំនៅសម្ពន្ធមិត្ត ចំនួន៨រូប ដែលខ្លួននិយាយថា គឺជាមន្ត្រីស៊ើបការណ៍សម្ងាត់ ដែលមិនបានប្រកាសរបស់រុស្ស៊ី៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top