ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បាញ់បង្ហោះសាកល្បង គ្រាប់រ៉ុក្កែត ផលិតក្នុងស្រុក ជាលើកដំបូង

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានសាកល្បងបាញ់ បង្ហោះគ្រាប់រ៉ុក្កែតផលិត ក្នុងស្រុករបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ គ្រាប់រ៉ុក្កែត បានបរាជ័យ ក្នុងការបញ្ជូនផ្កាយរណបសិប្បនិម្មិត ចូលក្នុងគន្លងផែនដីទាប ដែលមានរយៈកម្ពស់ ពី៦០០ដល់៨០០គីឡូម៉ែត្រ ។

ផ្កាយរណប KSLV-II ដែលត្រូវបានគេដាក់ឈ្មោះថា Nuri បានផ្ទុះចេញពីមជ្ឈមណ្ឌល អវកាស Naro នៅភូមិ Goheung ឆ្នេរសមុទ្រភាគខាងត្បូង នៅម៉ោង៥និង០០នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវ នឹងម៉ោង ៨និង០០នាទីល្ងាចម៉ោងសកល នៅថ្ងៃព្រហស្បតិ៍ ។ ខ្សែវីដេអូផ្សាយផ្ទាល់ ពីវិទ្យាស្ថានស្រាវជ្រាវ អវកាសកូរ៉េ (KARI) បានបង្ហាញឲ្យដឹង ។

បន្ទាប់ពីការបាញ់ បង្ហោះរ៉ុក្កែតអវកាស ដែលមាន៣ដំណាក់កាល បានហោះទៅភាគខាងត្បូង ដើម្បីឈាន ដល់រយៈកម្ពស់៥៩ គីឡូម៉ែត្រនៅផ្នែកទីមួយ និងរយៈកម្ពស់៦០០គីឡូម៉ែត្រនៅម៉ោងប្រហែល៥និង០៨នាទី ម៉ាស៊ីនរំកិល ដំណាក់កាលទី៣ បានឈប់នៅម៉ោង៥និង១២នាទីល្ងាច ហើយផ្កាយរណបត្រូវបានបំបែក ចេញពីឧបករណ៍រំកិល នៅម៉ោង៥និង១៥នាទីល្ងាច ។

ទោះយ៉ាងណា ផ្កាយរណបនេះមានទម្ងន់១,៥តោនមិនបានធ្លាក់ ចូលក្នុងគន្លងព្រះអាទិត្យស្រប តាមការគ្រោងទុកនោះទេ ។
លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងនៅក្នុងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍ នៅឯមជ្ឈមណ្ឌលអវកាសថា គ្រាប់រ៉ុក្កែតក្នុងស្រុកបានបញ្ចប់ តាមលំដាប់ នៃការហោះហើររបស់ខ្លួន ប៉ុន្តែលោកបានកត់សម្គាល់ថា ការដាក់ផ្កាយរណបសិប្បនិម្មិត ទៅក្នុងគន្លងគោចរនៅតែជាកិច្ចការ មិនទាន់បញ្ចប់នោះទេ ។

គួរបញ្ជាក់ថា វាគឺជាការសាកល្បងបាញ់បង្ហោះរ៉ុក្កែត ក្នុងស្រុកដំបូងរបស់កូរ៉េខាងត្បូង ដែលត្រូវបានរចនា និង សាងសង់ទាំងស្រុងនៅក្នុងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top