ឡុងដ៌៖ ប្រមុខទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) បានសម្តែងការព្រួយបារម្ភចំពោះ AUKUS ដែលត្រូវបានប្រើប្រាស់ដោយប្រទេស មិនមែននុយក្លេអ៊ែរផ្សេងទៀត ជាគំរូ ដើម្បីបន្តផែនការ នាវាមុជទឹកនុយក្លេអ៊ែរ។
ដោយសំដៅទៅលើ កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីថ្មី ក្នុងចំណោមប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក លោករ៉ាហ្វាអែល ហ្គ្រូស៊ី អគ្គនាយក IAEA បានឲ្យដឹងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា លោកបានបង្កើតក្រុមពិសេសមួយ ដើម្បីពិនិត្យមើលការការពារនុយក្លេអ៊ែរ និងផលប៉ះពាល់ ផ្នែកច្បាប់នៃភាពជាដៃគូ។
របាយការណ៍បានបន្ថែមថា ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រទេសផ្សេងទៀតអាចធ្វើតាម និងស្វែងរកការសាងសង់ នាវាមុជទឹកនុយក្លេអ៊ែរ ដោយបង្កើន “ការរីកសាយភាយធ្ងន់ធ្ងរ និងការព្រួយបារម្ភផ្នែកច្បាប់” ។
សន្ធិសញ្ញានេះត្រូវបាន ប្រកាសនៅថ្ងៃទី ១៥ ខែកញ្ញា ដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ នឹងគាំទ្រដល់ទីក្រុងកង់បេរ៉ា ក្នុងការសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ហើយប្រសិនបើអនុវត្តតាម នោះនឹងក្លាយជាលើកទីមួយដែលរដ្ឋ គ្មានអាវុធនុយក្លេអ៊ែរ បានទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕ ដោយ ឈូក បូរ៉ា
