បច្ចេកវិទ្យា

មន្ត្រីណាសា៖ អាមេរិក ត្រូវការយានអវកាស ដើរដោយនុយក្លេអ៊ែ ដើម្បីប្រកួតប្រជែងជាមួយចិន

បរទេស៖ អ្នកជំនាញអវកាសអង្គការណាសា និងសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានជំរុញសភាឲ្យធ្វើការវិនិយោគ ឲ្យបានលឿននិងកាន់តែច្រើនឡើង ក្នុងការអភិវឌ្ឍផលិត យានអវកាសដើរដោយ ថាមពលនុយក្លេអ៊ែ ដើម្បីឲ្យនៅតែឈានមុខគេ មុនប្រទេសនានា ដូចជាប្រទេសចិនជាងដើម។

ទីភ្នាក់ងារអវកាស តាមសេចក្តីរាយករាណ៍ មានជំនឿចិត្តថា យានអវកាសដើរដោយរ៉ុកកែត ថាមពលនុយក្លេអ៊ែ អាចហោះហើរចូលទៅដល់ ភពអង្គារបាន ក្នុងរយៈពេលត្រឹមតែ ៣ទៅ៤ខែប៉ុណ្ណោះ ដែលមានរយៈពេល ប្រហែលពាក់កណ្ដាល នៃពេលវេលាដែលរ៉ុកកែតធម្មតា ពីមុនត្រូវការ។

លោក Bhavya Lal ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកកញ្ចប់ថវិកា និងហិរញ្ញវត្ថុរបស់អង្គការណាសា បាននិយាយក្នុងអំឡុងកិច្ចប្រជុំ គណៈកម្មការសភាមួយ នៅព្រឹកថ្ងៃពុធថា “គូប្រជែងយុទ្ធសាស្ត្រនានា ដែលរួមមានទាំងប្រទេសចិនផង កំពុងតែធ្វើការវិនិយោគយ៉ាងខ្លាំងក្លា ក្នុងបច្ចេកវិទ្យាអវកាសដ៏ធំធេង មានទាំងថាមពល នុយក្លេអ៊ែនិងប្រព័ន្ធជំរុញ”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Bhavya Lal បានមានប្រសាសន៍ ប្រាប់បន្តយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក ចាំបាច់ត្រូវតែបោះជំហាន ឲ្យបានលឿន ដើម្បីឲ្យនៅតែមានភាពប្រកួតប្រជែង និងនៅតែមេដឹកនាំ ក្នុងសហគមន៍អវកាសសកល”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top