បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃសុក្រសប្ដាហ៍នេះ បានពិភាក្សាគ្នា ពីសហប្រតិបត្តិការក្នុងតំបន់ Sahel និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបានព្រមព្រៀងជួបគ្នាក្នុងទីក្រុងរ៉ូម នៅចុងខែនេះ។


លោក បៃដិន និងលោក Macron ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ បានពិភាក្សាគ្នាពីកិច្ចប្រឹងប្រែងគាំទ្រ ដល់ស្ថិរភាពនិងសន្តិសុខ នៅក្នុងតំបន់ Sahel ធ្វើសហប្រតិបត្តិការឲ្យប្រសើរឡើងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងធ្វើឲ្យកិច្ចការពារអឺរ៉ុបមានសមត្ថភាពខ្លាំងឡើងជាងមុន នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ របស់សេតវិមាន។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន News.CN នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយពីសេតវិមានបាននិយាយថា មេដឹកនាំទាំងពីរ នឹងជួបគ្នានៅក្នុងទីក្រុងរ៉ូមនាចុងខែនេះ ដើម្បីបន្តកិច្ចសន្ទនា ស្តីពីសហប្រតិបត្តិការទ្វេភាគី។
ចំណែកនៅក្នុងសេចក្តីថ្លែងការណ៍ ផ្សេងគ្នាមួយ សេតវិមានបាននិយាយថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី កាម៉ាឡា ហារីស នឹងធ្វើទស្សនកិច្ចប្រទេសបារាំង នៅខែក្រោយ ដើម្បីជួបជាមួយ លោកប្រធានាធិបតីបារាំង និងចូលរួមក្នុងសន្និសីទបារីស ស្តីពីប្រទេសលីប៊ី នៅថ្ងៃទី១២ ខែវិច្ឆិកា៕ ប្រែសម្រួល៖ប៉ាង កុង
