ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី កំពុងតាមដានចលនា របស់នាវាពិឃាតមីស៊ីលនាំផ្លូវ របស់សហរដ្ឋអាមេរិក USS Porter ដែលបានចូលសមុទ្រខ្មៅ កាលពីថ្ងៃសៅរ៍។
កងនាវាចរទី ៦ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា USS Porter បានចាប់ផ្តើមដំណើរឆ្លងកាត់ ភាគខាងជើងរបស់ខ្លួនទៅកាន់សមុទ្រខ្មៅ ដើម្បីប្រតិបត្តិការជាមួយ សម្ព័ន្ធមិត្ត និងដៃគូរបស់អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) នៅក្នុងតំបន់។
កងនាវាដែលមានទីស្នាក់ការកណ្តាល នៅទីក្រុង Naples របស់ប្រទេសអ៊ីតាលី និងកងនាវាចរ និងកម្លាំងគាំទ្រ បុគ្គលិករបស់អង្គការណាតូ បានចាប់ផ្តើមប្រតិបត្តិការ នៅសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រខ្មៅ កាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពី “ការប្តេជ្ញាចិត្ត របស់អង្គការណាតូ ក្នុងការរក្សាសេរីភាព នៃការធ្វើនាវាចរណ៍ នៅក្នុងដែនទឹកអន្តរជាតិ” ។
គួរបញ្ជាក់ថា សមយុទ្ធនេះបានធ្វើឡើងស្របពេល ដែលរុស្ស៊ីបានបញ្ចប់រាល់ការសន្ទនា ជាផ្លូវការជាមួយណាតូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អនុរដ្ឋមន្ត្រីការបរទេសរុស្សីលោក Alexander Grushko កាលពីសប្តាហ៍មុន បានសម្តែងការព្រួយបារម្ភ លើការកសាងយោធារបស់ណាតូ នៅជិតព្រំដែនរុស្ស៊ី និងផែនការរបស់ខ្លួនក្នុងការប្រែក្លាយតំបន់សមុទ្រខ្មៅ ទៅជាតំបន់ប្រឈមមុខគ្នា ដែលជា “ផ្លូវដ៏គ្រោះថ្នាក់បំផុត ដែលពោរពេញដោយហានិភ័យ នៃឧប្បត្តិហេតុយោធា”៕ ដោយ ឈូក បូរ៉ា