បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយប្រាប់សមភាគីចិន គឺលោករដ្ឋមន្រ្តីការបរទេស វ៉ាង យី នៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមរិកប្រឆាំងនឹង ចំណាត់ការធ្វើឡើងដោយចិន ដែលបានបង្កឲ្យមាន ភាពតានតឹងកើនឡើង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ នេះបើតាមសម្តីមន្ត្រីក្រសួងការបរទេស អាមេរិកជាន់ខ្ពស់មួយរូប។
នៅក្នុងអំឡុងជំនួបរយៈពេល ១ម៉ោង ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅក្រៅជំនួបកំពូល G20 លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើឲ្យប្រាកដច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការផ្លាស់ប្តូរដោយ ឯកតោភាគីណាមួយ ធ្វើឡើងដោយទីក្រុងប៉េកាំង ចំពោះស្ថានភាពបច្ចុប្បន្ននៅទីនោះ។
មន្ត្រីក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក ចង់គ្រប់គ្រងការប្រកួតប្រជែងដ៏តានតឹង រវាងមហាអំណាចសេដ្ឋកិច្ច ពិភពលោកទាំងពីរ ប្រកបដោយទំនួលខុសត្រូវ និងបានបន្ថែមថា ភាគីទាំងពីរបានទទួលស្គាល់ នូវបន្ទាត់បើកចំហនៃទំនាក់ទំនង និងភាពសំខាន់។
គួរបញ្ជាក់ថា ក្នុងខណៈដែលសហរដ្ឋអាមេរិក ក៏ដូចទៅនឹងបណ្ដាប្រទេសភាគច្រើនដែរ គឺមិនមានចំណងមិត្តភាព ផ្លូវការជាមួយតៃវ៉ាន់នោះ ទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកគាំទ្រអន្តរជាតិ ដ៏សំខាន់របស់កោះតៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំ ហើយត្រូវបានតម្រូវដោយច្បាប់ ឲ្យផ្តល់ឲ្យកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ នូវមធ្យោបាយការពារខ្លួន ៕
ប្រែសម្រួល៖ ប៉ាង កុង