វ៉ាស៊ិនតោន៖សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះត្រូវបានកាសែតបរទេស ចេញផ្សាយថាបានដឹកជញ្ជូនវ៉ាក់សាំងជំនួយ ប្រមាណជា១,៥លានដូសទៀត ទៅឲ្យកោះតៃវ៉ាន់ដែលវា បានធ្វើឲ្យចំនួនដែល អាមេរិកបានផ្តល់ទៅឲ្យកោះតៃវ៉ាន់ មានចំនួនទៅដល់៤លានដូសមកហើយ។
ការបង្កើនជំនួយជាវ៉ាក់សាំងនេះត្រូវបានធ្វើឡើង នៅចំពេលដែលភាពតានតឹងរវាងចិននិងកោះតៃវ៉ាន់ នៅតែបន្តកើនមានឡើងនៅឡើយហើយវ៉ាក់សាំងចុងក្រោយនេះនឹង ត្រូវបញ្ចូនចេញពីរដ្ឋ Kentucky សហរដ្ឋអាមេរិកពីថ្ងៃអាទិត្យម្សិលមិញ។
នៅក្រោយការប្រកាសផ្តល់ជំនួយ ជាវ៉ាក់សាំងប្រភេទ Monderna នេះប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing Wen បានសម្តែងអំណរគុណយ៉ាងខ្លាំងចំពោះ សហរដ្ឋអាមេរិកហើយបានបញ្ជាក់ថា ជំនួយនេះបានបង្ហាញថាអាមេរិកគឺនៅតែជាអ្នកគាំទ្រកោះតៃវ៉ាន់ដ៏រឹងម៉ាំមួយ។
គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិកធ្លាប់បានផ្តល់ជំនួយ ជាវ៉ាក់សាំងម្តងហើយទៅឲ្យកោះតៃវ៉ាន់ ដោយផ្ទាល់ចំនួនប្រមាណជា២,៥លានដូសកាលពីខែមិថុនានិងបានក្លាយទៅជាប្រទេសបរទេស ដំបូងគេបង្អស់ដែលហ៊ានសម្រេចចិត្តធ្វើជំនួយនេះ ឲ្យកោះតៃវ៉ាន់ដោយផ្ទាល់៕
ប្រែសម្រួល៖ស៊ុនលី