តេអេរ៉ង់៖ លោក Ali Bagheri Kani អ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់ របស់អ៊ីរ៉ង់ បានលើកឡើងថា កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន សម្រាប់ការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី២៩ ខែវិច្ឆិកា។
លោក Bagheri Kani បានសរសេរថា “នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយលោក Enrique Mora យើងបានយល់ព្រម ចាប់ផ្តើមការចរចា ដែលមានបំណងដកចេញ នូវទណ្ឌកម្មខុសច្បាប់ និងអមនុស្សធម៌នៅថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងវីយែន”។
បន្ទាប់ពីកិច្ចប្រជុំរវាងលោក Bagheri Kani និងលោក Mora អគ្គលេខាធិការរង នៃសេវាកម្មសកម្មភាពខាងក្រៅ របស់អឺរ៉ុបនៅទីក្រុងតេអេរ៉ង់ និង ព្រុចសែល ប្រទេសអ៊ីរ៉ង់ និងសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា លើការបន្តកិច្ចចរចាក្នុងខែវិច្ឆិកា។
អ៊ីរ៉ង់បានឲ្យដឹងថា បញ្ហានៃការដកទណ្ឌកម្ម និងការអនុវត្តកាតព្វកិច្ច ពេញលេញរបស់ភាគីពាក់ព័ន្ធ ចំពោះ JCPOA នឹងក្លាយជារបៀបវារៈសំខាន់នៃកិច្ចពិភាក្សា ដែលត្រូវបានផ្អាកចាប់តាំងពីខែមិថុនា បន្ទាប់ពីការផ្លាស់ប្តូររដ្ឋបាល របស់អ៊ីរ៉ង់៕ ដោយ ឈូក បូរ៉ា