ព័ត៌មានអន្តរជាតិ

កងទ័ពកូរ៉េខាងជើង ចាប់ផ្តើមប្រកួត បាញ់កាំភ្លើងធំ

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសកូរ៉េខាងជើងមួយ បានចេញសេចក្តីរាយការណ៍មួយ នៅថ្ងៃអាទិត្យនេះថា កងទ័ពប្រដាប់ អាវុធកូរ៉េខាងជើង បានប្រារព្ធធ្វើការ ប្រកួតបាញ់កាំភ្លើងធំ នៅក្នុងអំឡុងចុងសប្ដាហ៍នេះ ជាផ្នែកនៃកិច្ចប្រឹងប្រែង ជំរុញបង្កើនសមត្ថភាព ការពាររបស់ប្រទេស ។

ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ថា សមយុទ្ធនោះ គឺត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ និងស្របពេល ដែលប្រទេស កូរ៉េខាងជើង បង្កើនការតវ៉ាជាខ្លាំង ជុំវិញអ្វីដែលខ្លួន មើលឃើញថា ជាការបង្កើនស្តង់ដារ ទ្វេដង ហើយសកម្មភាព យោធាកូរ៉េខាងជើង អំពាវនាវឲ្យមានការរិះគន់ ជាអន្តរជាតិ នៅពេលសមយុទ្ធស្រដៀងគ្នា ត្រូវបានធ្វើឡើងខុសធម្មតា ដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។

អ្នកវិភាគបាននិយាយថា ទីក្រុងព្យុងយ៉ាងកំពុង តែស្វះស្វែងធ្វើសកម្មភាព ការពារជាតិ របស់ខ្លួនជារឿង ធម្មតាប្រក្រតី ជាមួយគោលបំណង ទទួលបានការទទួលស្គាល់ ជាអន្តរជាតិ ចំពោះអាវុធនុយក្លេអ៊ែ និង មីស៊ីលផ្លោងរបស់ខ្លួន ដែលជាប្រធានបទមួយ បង្កឲ្យមានទណ្ឌកម្ម ពីសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ។

តាមសេចក្តីរាយការណ៍ កងកម្លាំងកាំភ្លើងធំ ធម្មតាជាច្រើន ត្រូវបានបញ្ជូនទៅដាក់ពង្រាយ នៅតាមព្រំដែនជួរមុខ ជាប់នឹងប្រទេសកូរ៉េខាងត្បូង ជាទីដែលមានរយៈចម្ងាយអាចវាយប្រហារ ដល់ទីក្រុងសេអ៊ូល ជារដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង ជាទីមួយមនុស្ស រស់នៅកុះករ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top