តេអេរ៉ង់៖ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាគួរតែត្រូវបានធ្វើឡើង ដើម្បីស្ដារសន្តិសុខនៅក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកទ័ពរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសនេះ។
លោក Ali Shamkhani លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ ត្រូវបានទូរទស្សន៍ Press TV ដកស្រង់សម្តីថា អន្តរកម្ម និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមផ្នែកសន្តិសុខនៅទូទាំងតំបន់ គឺមានសារៈសំខាន់។
លោក Shamkhani បានធ្វើការកត់សម្គាល់នៅពេលមកដល់ទីក្រុង New Delhi ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចសន្ទនាសន្តិសុខក្នុងតំបន់ស្តីពីអាហ្វហ្គានីស្ថាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធនេះ។
ទូរទស្សន៍ Press TV បានរាយការណ៍ថា លោកបានជំរុញអ្នកចូលរួមក្នុងកិច្ចប្រជុំឱ្យខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពិភាក្សាអំពីមូលហេតុឫសគល់នៃវិបត្តិនៅក្នុងតំបន់ និងស្វែងរកដំណោះស្រាយ សម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Shamkhani ត្រូវ បាន ដក ស្រង់ សម្តី ថា “ជំនួបនេះ ជាឱកាសដ៏សមរម្យមួយដើម្បី បន្តកិច្ចពិភាក្សាផ្នែកនយោបាយ និង សន្តិសុខក្នុងចំណោម ប្រទេសក្នុងតំបន់។ នៅក្នុងនោះដែរមន្ត្រីអ៊ីរ៉ង់ បានថ្កោលទោស អាមេរិកចំពោះការបង្កើតភាព តានតឹង ក្នុងតំបន់។
លោកបានលើកឡើងថា “ទោះបីជាសហរដ្ឋអាមេរិក ត្រូវបានបណ្តេញចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការឈ្លានពាន និងការកាន់កាប់អស់រយៈពេល ២០ឆ្នាំក៏ដោយ វានៅតែបន្តបង្កឱ្យមានវិបត្តិនៅក្នុងតំបន់ ដែលជាផ្នែកនៃយុទ្ធសាស្រ្តបង្កើតភាពតានតឹងរបស់ខ្លួន”៕
ដោយ ឈូក បូរ៉ា