បរទេស ៖ ការហោះហើរសាកល្បង ដោយក្រុមនាវិកនៃយន្តហោះ 18 rotor ដែលត្រូវបានរចនាឡើង ដើម្បីបម្រើជាតាក់ស៊ីផ្លូវ អាកាសនា ពេលខាងមុខនេះ ត្រូវបានធ្វើឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ គេសង្ឃឹមថា ប្រព័ន្ធនេះនឹងកាត់បន្ថយការកកស្ទះចរាចរណ៍ និងអាចដំណើរការ បាននៅឆ្នាំ២០២៥ ខាងមុខ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះដែលអស្ចារ្យដែលរចនា ដោយអ្នកអភិវឌ្ឍន៍អាល្លឺម៉ង់ Volocopter បានធ្វើដំណើរ ការហោះហើរខ្លីមួយ នៅឯអាកាសយានដ្ឋាន Gimpo ទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ ។ អ្នកបើកយន្តហោះម្នាក់ បានបើកវាទៅក្នុងអាកាស ហើយហោះទៅមកខាងក្នុង ច្រករបៀងខ្យល់ ដែលបានកំណត់ ។
យន្តហោះចល័តតាមអាកាសនៅទីក្រុង (UAM) ហោះចម្ងាយប្រហែល 3 គីឡូម៉ែត្រ ដោយស្ថិតក្រោមរយៈកម្ពស់ 50 ម៉ែត្រ និងឈានដល់ល្បឿន 45 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងអំឡុងពេលហោះ ហើររយៈពេល 5 នាទី ។ គោលបំណងសំខាន់ នៃការធ្វើតេស្តនេះ គឺដើម្បីមើលថាតើអង្គភាពនេះ ដំណើរការបានល្អប៉ុណ្ណា នៅក្នុងបរិយាកាស អាកាសយានដ្ឋាន ដែលការគ្រប់គ្រង ចរាចរណ៍ផ្លូវអាកាស មានសារៈសំខាន់សម្រាប់ប្រតិបត្តិការប្រកប ដោយសុវត្ថិភាព ៕
ប្រែសម្រួលៈ ណៃ តុលា