គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កងទ័ពជើងទឹកអ៊ុយក្រែន បានធ្វើសមយុទ្ធឆ្លងកាត់ (PASSEX) នៅក្នុងសមុទ្រខ្មៅ ជាមួយកងកម្លាំងជើងទឹក នៃរដ្ឋសមាជិក នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដូចជាសហរដ្ឋអាមេរិក តួកគី និងរូម៉ានី។
សមយុទ្ធកងទ័ពជើងទឹកនេះ ពាក់ព័ន្ធនឹងនាវាចំនួន ៧គ្រឿង រួមទាំងទូកល្បាតលំដាប់កោះ “Sloviansk” នៃកងទ័ពជើងទឹកអ៊ុយក្រែន និងនាវាចម្បាំង នៃកងនាវាចរទី៦ របស់សហរដ្ឋអាមេរិក “Mount Whitney” ។
យន្តហោះល្បាត P-8 “Poseidon” និងឧទ្ធម្ភាគចក្រ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏បានចូលរួមក្នុងសមយុទ្ធនេះផងដែរ ដែលរួមមានសមយុទ្ធយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលផលិតសញ្ញា ការបណ្តុះបណ្តាលទំនាក់ទំនង និងសកម្មភាពផ្សេងៗទៀត។
យោងតាមក្រសួងការពារជាតិអ៊ុយក្រែន គោលដៅចម្បងនៃសមយុទ្ធកងទ័ពជើងទឹក គឺដើម្បីធ្វើការចេញនូវអន្តរកម្ម នៃក្រុមយុទ្ធសាស្ត្រពហុជាតិ ស្របតាមស្តង់ដាររបស់អង្គការណាតូ និងបង្កើនកម្រិតនៃអន្តរប្រតិបត្តិការ រវាងកងកម្លាំងជើងទឹកដែលចូលរួម។
ក្រសួងបានឲ្យដឹងថា គោលបំណងមួយទៀតនៃសមយុទ្ធ គឺដើម្បីរក្សាសន្តិសុខនៅសមុទ្រខ្មៅ។អ៊ុយក្រែនធ្វើសមយុទ្ធកងទ័ពជើងទឹក PASSEX នៅសមុទ្រខ្មៅជាទៀងទាត់ ជាមួយសមាជិកណាតូ និងប្រទេសជាដៃគូ ដើម្បីនាំយកកម្រិត នៃកងកម្លាំងជើងទឹករបស់ខ្លួន ឱ្យខិតទៅជិតស្តង់ដារសម្ព័ន្ធមិត្ត។ នៅខែមិថុនា ឆ្នាំ២០២០ អ៊ុយក្រែន ត្រូវបានផ្តល់ឋានៈជាដៃគូ នៅក្នុងកម្មវិធីបង្កើនឱកាសរបស់ណាតូ៕ ដោយ ឈូក បូរ៉ា