បរទេស៖ លោក Alexander Mikheev នាយកប្រតិបត្តិក្រុមហ៊ុន Rosoboronexport ដែលជាក្រុមហ៊ុន នាំចេញអាវុធរបស់រដ្ឋ បានប្រាប់ Sputnik ថា ការនាំចេញប្រព័ន្ធការពារមីស៊ីលប្រឆាំង យន្តហោះចុងក្រោយបង្អស់របស់រុស្ស៊ីប្រភេទ S-500 នឹងចាប់ផ្តើមនៅប៉ុន្មានឆ្នាំខាងមុខ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Mikheev បាននិយាយក្នុងអំឡុងពេលបិទការតាំងពិព័រណ៍យន្តហោះឌូបៃឆ្នាំ 2021 ថា «ការបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-500 Prometheus ទៅកាន់ទីផ្សារខាងក្រៅត្រូវបានរំពឹងទុកក្នុងរយៈពេល ប៉ុន្មានឆ្នាំខាងមុខនេះ។ យោងតាមលោក Mikheev ការប្រគល់ S-500 លើកដំបូងទៅកាន់យោធារុស្ស៊ីត្រូវបានគ្រោងទុកមុនដំណាច់ឆ្នាំ។
ប្រព័ន្ធការពារដែនអាកាសទំនើប S-500 មានសមត្ថភាពស្ទាក់ចាប់ ការគម្រាមកំហែងពីលើអាកាស ចាប់ពីយានគ្មានមនុស្សបើក (UAV) រហូតដល់មីស៊ីលលឿនជាងសំឡេង និងមីស៊ីលផ្លោងក្នុងរយៈចម្ងាយរហូតដល់ ៦០០ គីឡូម៉ែត្រ។ ប្រព័ន្ធតែមួយអាចតាមដានបានរហូតដល់ទៅ 10 គោលដៅដែលមានល្បឿនលឿន ជាងសំឡេង និងរកឃើញគោលដៅរបស់សត្រូវ សូម្បីតែនៅក្នុងស្រទាប់ទាបនៃលំហនៅរយៈកម្ពស់រហូតដល់ 2,000 គីឡូម៉ែត្រ។ ការផ្តោតសំខាន់របស់ S-500 គឺការប្រយុទ្ធនឹងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម៕