បរទេស ៖ យោធារបស់ប្រទេស កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ ក្រោយមានយន្តហោះចម្បាំង ចិន២គ្រឿង និងយន្តហោះចម្បាំងរុស្ស៊ី៧គ្រឿង ហោះហើរចូលក្នុងតំបន់កំណត់ការពារ ដែនអាកាសខ្លួន នៅក្នុងអំឡុងអ្វីដែលទីក្រុងប៉េកាំងហៅថា ជាការធ្វើសមយុទ្ធតាមធម្មតា ។
អគ្គសេនាធិការចម្រុះ របស់ទីក្រុង សេអ៊ូល បាននិយាយប្រាប់ថា យន្តហោះចិននិងរុស្ស៊ី បានហោះចូល ក្នុងភាគឦសាន នៃតំបន់កំណត់ការពារ ដែនអាកាសកូរ៉េ សម្រាប់រយៈពេលមិន ជាក់លាក់មួយ នៅមុនពេល ធ្វើការ ហោះចេញវិញ និងបានបន្ថែមថា យន្តហោះទាំងនោះមិនបានបំពានដែន អាកាសរបស់ខ្លួននោះទេ ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អគ្គសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជូនចេញយន្តហោះចម្បាំងនិងយន្តហោះចាក់ប្រេងក្នុងអាកាស ដែលនេះជាវិធានការតាមធម្មតាមួយ ដើម្បីទប់ទល់នឹងភាពអាសន្នអាចកើតមាន។
គួរបញ្ជាក់ថា យន្តហោះចម្បាំង របស់ប្រទេសចិននិងប្រទេសរុស្ស៊ី ជាញឹកញាប់តែងតែហោះហើរ ចូលទៅក្នុងតំបន់នោះ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលមានជម្លោះការអះអាងកម្មសិទ្ធិ ជុំវិញរឿងតំបន់កំណត់ការពារដែន អាកាសផ្សេងៗគ្នា ៕ ប្រែសម្រួល៖ប៉ាង កុង