ព័ត៌មានអន្តរជាតិ

ស្ថាបនិក Williams Racing លោក Frank Williams បានទទួលមរណភាព

ទីក្រុងឡុងដ៍ ៖ ក្រុមបានប្រកាស កាលពីថ្ងៃអាទិត្យថា លោក Frank Williams ដែលក្រុមរបស់លោក បានគ្រប់គ្រង ការប្រកួតប្រណាំងឡាន Formula One ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០ បានទទួលមរណភាពក្នុងអាយុ ៧៩ ឆ្នាំយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុម Williams បានឈ្នះពានរង្វាន់អ្នកបើកបរ F1 ចំនួន៧ដង និងជើងឯក ចំនួន៩លើករបស់ Williams ទោះបីជាជ័យជម្នះចុងក្រោយបំផុត បានកើតឡើងក្នុងឆ្នាំ ១៩៩៧ ក៏ដោយ ។ បុរសជនជាតិអង់គ្លេសរូបនេះបានលាឈប់ ពីក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Williams Formula One ក្នុងឆ្នាំ២០២១ ហើយគ្រួសាររបស់លោកបានបញ្ចប់៤៣ ឆ្នាំនៃការចូលរួមនៅក្នុងក្រុមកាលពីឆ្នាំមុន បន្ទាប់ពីលក់ទៅឲ្យ Dorilton Capital ។
លោក Williams បានប្រើរទេះរុញចាប់តាំងពីរងរបួស ក្នុងគ្រោះថ្នាក់រថយន្ត នៅប្រទេសបារាំងក្នុងឆ្នាំ១៩៨៦ ។
ក្រុមនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា ក្រុម Williams Racing ពិតជាមានការសោកស្ដាយ ចំពោះការស្លាប់ របស់ស្ថាបនិក របស់យើងគឺលោក Sir Frank Williams ។

Sir Frank គឺជារឿងព្រេងនិទាន និងជានិមិត្តរូបនៃកីឡារបស់យើង ។ ការឆ្លងកាត់របស់លោក គឺជាការបញ្ចប់នៃយុគសម័យមួយ សម្រាប់ក្រុមរបស់យើង និងសម្រាប់កីឡា Formula 1 ។ លោកគឺជាមនុស្សល្អម្នាក់ និងជាអ្នកត្រួសត្រាយ ដ៏ពិតប្រាកដម្នាក់។ ទោះបីជាមានការលំបាកច្រើនក្នុងជីវិត របស់លោកក៏ដោយ លោកបានដឹកនាំក្រុមរបស់យើង ទៅកាន់ការប្រកួតជើងឯកពិភពលោក ចំនួន១៦ ធ្វើឲ្យយើងក្លាយជាក្រុមដែលទទួលបានជោគជ័យបំផុត ក្នុងប្រវត្តិសាស្ត្រកីឡា ។

Damon Hill បានឈ្នះជើងឯកពិភពលោកឆ្នាំ១៩៩៦ ជាមួយ Williams បាននិយាយថា Frank Williams នឹងមានកន្លែងសំខាន់ក្នុងប្រវត្តិសាស្ត្រ F1 ។ Hill បានប្រាប់ Sky Sports News ថា មនុស្សតែម្នាក់គត់ ដែលខ្ញុំអាចប្រៀបធៀបលោកបានគឺ Enzo Ferrari ។ លោកស្រលាញ់ Formula One ហើយលោកចូលចិត្តការប្រណាំង ហើយអ្នកណាក៏ដោយ ដែលដឹកនាំក្រុមចង់ប្រាថ្នាចង់បានសមិទ្ធផលរបស់លោក និងកំណត់ត្រារបស់លោក ។
លោក Jean Todt ជាប្រធានក្រុម Ferrari ដែលប្រជែងជាមួយ Williams ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានបង្ហោះសារថា Frank Williams “បន្សល់ទុកនូវចំណាប់អារម្មណ៍ យូរអង្វែងលើប្រវត្តិសាស្រ្ត @F1” ។ លោក Todt អតីតប្រធាន FIA បាននិយាយថា លោកជាអ្នកត្រួសត្រាយ បុគ្គលិកលក្ខណៈពិសេស និងជាបុរសគំរូ ៕ដោយ៖លី ភីលីព

Most Popular

To Top