ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ និងអឺរ៉ុប ត្រូវតែការពារ លទ្ធិប្រជាធិបតេយ្យរួមគ្នា

បរទេស៖ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់សមាជិកសភា មកពីប្រទេសលីទុយអានី ប្រទេសឡាតវី និងប្រទេសអេស្តូនី ដែលកំពុងធ្វើទស្សនកិច្ចតៃវ៉ាន់ថា សហភាពអឺរ៉ុបនិងតៃវ៉ាន់ ត្រូវតែធ្វើការងាររួមគ្នាដើម្បីការពារទប់ទល់នឹងភាពផ្ដាច់ការ និងការក្លែងបន្លំព័ត៌មាន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសលីទុយអានី បានប្រឈមមុខនឹងការដាក់សម្ពាធពីប្រទេសចិន ដែលអះអាងកម្មសិទ្ធិលើកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ចាប់តាំងពីអនុញ្ញាតឲ្យបើកស្ថានទូតក្រៅផ្លូវការរបស់តៃវ៉ាន់ នៅរដ្ឋធានីខ្លួន។

លោកស្រី ត្សៃ អ៊ីងវិន បាននិយាយប្រាប់សមាជិកសភាទាំងនោះនៅការិយាល័យប្រធានាធិបតីថា តៃវ៉ាន់និងបណ្ដាប្រទេសនៅតំបន់សមុទ្របាល់ទិក ដែលធ្លាប់ជាផ្នែកនៃសហភាពសូវៀតនោះ មានបទពិសោធន៍ស្រដៀងគ្នា ចំពោះការ ក្នុងការបំបែកខ្លួនពីការគ្រប់គ្រងផ្តាច់ការ និងប្រយុទ្ធដើម្បីសេរីភាព។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ទីក្រុងប៉េកាំងបានបង្កើនការដាក់សម្ពាធយោធានិងការទូត លើទីក្រុងតៃប៉ិ ឲ្យទទួលស្គាល់ការអះអាងអធិបតេយ្យភាពរបស់ចិន និងដាក់កំហិតលើការចូលរួមជាអន្តរជាតិរបស់តៃវ៉ាន់ ប៉ុន្តែលោកស្រី ត្សៃ អ៊ីងវិន តៃវ៉ាន់នឹងមិនឱនលំទោនចំពោះការគម្រាមកំហែង ហើយនឹងការពារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top