ព័ត៌មានអន្តរជាតិ

ពង្រឹងចំណងមិត្តភាពជាមួយបារាំង សហភាពអារ៉ាប់រួម បញ្ជាទិញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជិត២០ពាន់លានដុល្លារ

បរទេស៖ សហភាពអារ៉ាប់រួម នៅថ្ងៃសុក្រនេះ បានដាក់បញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន៨០គ្រឿង និងឧទ្ធម្ភាគចក្រយោធាចំនួន១២គ្រឿង ដោយធ្វើឲ្យចំណងសេដ្ឋកិច្ចនិងនយោបាយមានភាពកាន់តែស៊ីជម្រៅជាមួយប្រទេសបារាំង តាមរយៈកុងត្រាអាវុធ មានទំហំទឹកប្រាក់១៧ពាន់លានអឺរ៉ូ ស្មើនឹង១៩,២០ពាន់លានដុល្លារអាមេរិក។


ការលក់យន្តហោះចម្បាំងបារាំងទៅបរទេសដ៏ធំបំផុតមិនធ្លាប់មាននេះ គឺត្រូវបានចុះហត្ថលេខា ស្របពេលដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ទៅក្នុងតំបន់ឈូងសមុទ្រ ដែលលោកក៏នឹងធ្វើទស្សនកិច្ចប្រទេសកាតានិងអារ៉ាប៊ីសាអូឌីតផងដែរ។


យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALARABIYA នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោក Florence Parly បានមានប្រសាសន៍យ៉ាងដូច្នេះថា “កុងត្រានេះ គឺជារឿងប្រវត្តិសាស្ត្រ”​ចំណែកការិយាល័យប្រធានាធិបតីបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុងត្រានេះ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រមួយ ដែលរឹងមាំជាងពីមុន និងចូលរួមចំណែកដោយត្រង់ ចំពោះស្ថិរភាពនៅក្នុងតំបន់៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top