បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ នឹងពិភាក្សាគ្នា ក្នុងវីដេអូខលមួយ ស្របពេលដែលភាពតានតឹង រវាងអាមេរិកនិងរុស្ស៊ី កើនកម្តៅកាន់តែខ្លាំង ជុំវិញរឿងកងទ័ពរុស្ស៊ីប្រមូលផ្តុំ នៅតាមព្រំដែនអ៊ុយក្រែន ដែលគេមើលឃើញថា ជាសញ្ញានៃភាពអាចកើតមាន ការឈ្លានពាន។
មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើការបញ្ជាក់ពីគម្រោងនានានៅថ្ងៃសៅរ៍ ដល់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ី RIA Novosti និងបាននិយាយថា វានឹងធ្វើឡើងនៅល្ងាចថ្ងៃអង្គារ ហើយលោកបន្ថែមថា លោកប្រធានាធិបតីទាំងពីរ នឹងសម្រេចចិត្តដោយខ្លួន លោកផ្ទាល់ ពីរយៈពេលនៃកិច្ចសន្ទនាគ្នានោះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ សេតវិមាននៅមិនទាន់ចេញ សេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីការប្រកាស របស់វិមានក្រឹមឡាំងនោះនៅឡើយនោះទេ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីមានចិត្តរឹងទទឹង កាន់តែខ្លាំងឡើង ជាងពេលណាៗទាំងអស់ ឲ្យសហរដ្ឋអាមេរិក ធ្វើការធានាថា ប្រទេសអ៊ុយក្រែន នឹងមិនត្រូវបានអនុញ្ញាត ឲ្យចូលរួមក្នុងអង្គការ សម្ពន្ធមិត្តយោធាណាតូ៕ ប្រែសម្រួល៖ប៉ាង កុង
