បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកដែលបានចាក់វ៉ាក់សាំង បង្ការមេរោគកូរ៉ូណា Sputnik V របស់រុស្ស៊ី មិនគួរត្រូវបានដកហូតសិទ្ធិ ធ្វើដំណើរជុំវិញ ពិភពលោកនោះទេ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកពូទីន បាននិយាយក្នុងអំឡុង កិច្ចប្រជុំជាមួយប្រធានសហព័ន្ធក្រហម អន្តរជាតិ និងសង្គមអឌ្ឍចន្ទក្រហម (IFRC) លោក Francesco Rocca ថា “យើងត្រូវធ្វើឱ្យប្រាកដថា អ្នកដែលបាន ចាក់វ៉ាក់សាំង Sputnik V ដូចអ្នកដែលបាន ចាក់វ៉ាក់សាំង ជាមួយវ៉ាក់សាំងផ្សេងទៀត មានឱកាសធ្វើដំណើរជុំវិញពិភពលោក ដោយគ្មានការព្រួយបារម្ភ” ។
លោកប្រធានាធិបតី បានបន្ថែមថា អាជ្ញាធររុស្ស៊ី “ក៏សង្ឃឹមសម្រាប់ការគាំទ្ររបស់អ្នក ដើម្បីធានាការផ្សព្វផ្សាយវ៉ាក់សាំងរបស់យើង” ហើយថា រុស្ស៊ីគួរតែទទួលបានវិញ្ញាបនបត្រ WHO សម្រាប់ ការផលិតវ៉ាក់សាំង ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីផ្សព្វផ្សាយវាឱ្យកាន់ តែទូលំទូលាយជុំវិញ ពិភពលោក។
លោកពូទីនក៏បានលើកឡើងផងដែរថា លទ្ធផលនៃការវិភាគ នៃការប្រើប្រាស់វ៉ាក់សាំង នៅបរទេសបានបង្ហាញថា វ៉ាក់សាំង Sputnik V ស្ថិតក្នុងចំណោមវ៉ាក់សាំង ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពបំផុត ៕
ប្រែសម្រួលៈ ណៃ តុលា