បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ក្នុងពេលថ្មីៗនេះថា ការបញ្ជូនកងទ័ពសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន មិនស្ថិតនៅក្នុងការពិចារណាទេ ក្រោយជំនួបកំពូលរបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន កាលពីថ្ងៃអង្គារ។
លោក ចូ បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មានថា ស្របពេលដែលសហរដ្ឋអាមេរិក មានការតព្វកិច្ចសីលធម៌ និងកាតព្វកិច្ចផ្លូវច្បាប់ ចំពោះដៃគូណាតូរបស់ខ្លួន ប្រសិនបើពួកគេរងការវាយប្រហារ ស្ថិតក្រោមមាត្រាទី៥នោះ កាតព្វកិច្ចនោះ មិនមានដល់អ៊ុយក្រែន ដែលមិនមែនជាសមាជិកសម្ពន្ធមិត្ត ប៉ុន្តែបានជំរុញចូលរួម ក្នុងសម្ពន្ធមិត្ត។
លោកប្រធានាធិបតីអាមេរិក បាននិយាយប្រាប់លោក ពូទីន កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តត្រៀមខ្លួន ដើម្បីអនុវត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើប្រទេសរុស្ស៊ី ប្រសិនបើប្រទេសនេះឈ្លានពាន ប្រទេសអ៊ុយក្រែន ដោយប្រទេសខ្លះ មានការខ្លាចថា ការវាយប្រហារបែបនេះ អាចនឹងកើតមាន ក្រោយរុស្ស៊ី បោះទីតាំងទ័ពប្រហែល ១០០.០០០នាក់ នៅក្បែរព្រំដែន ជាប់ប្រទេសអ៊ុយក្រែន។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងយ៉ាងដូច្នេះថា “ខ្ញុំបានធ្វើវាឲ្យប្រាកដថា ប្រសិនបើពិតជាលោកធ្វើការ ឈ្លានពាន់ប្រទេសអ៊ុយក្រែននោះ នឹងមានផលវិបាកធ្ងន់ធ្ងរ មិនដូចអ្វីដែលលោកបានជួប”៕ ប្រែសម្រួល៖ប៉ាង កុង