ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បដិសេធព័ត៌មាន អំពីផែនការ រវាងអាមេរិក និងអ៊ីស្រាអែល ធ្វើសមយុទ្ធយោធា ដើម្បីត្រៀមវាយប្រហារ រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Jessica McNulty បានប្រាប់ Sputnik ថា ក្រសួងការពារជាតិ អាមេរិក មិនបានធ្វើអត្ថាធិប្បាយ លើសមយុទ្ធរួមគ្នា ដែលអាចធ្វើទៅបានជាមួយ នឹងប្រទេសអ៊ីស្រាអែល ដែលអាចជាគោលដៅ លើប្រទេសអ៊ីរ៉ង់ នោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោកស្រី McNulty កាលពីល្ងាចថ្ងៃពុធថា «យើងធ្វើការហ្វឹកហ្វឺនជាប្រចាំ ជាមួយសមភាគីអ៊ីស្រាអែល ខណៈដែលយើងដោះស្រាយ ការគំរាមកំហែងរួមក្នុងតំបន់។ យើងគ្មានអ្វីដែលត្រូវបន្ថែមទៅក្នុង របាយការណ៍សារព័ត៌មាននោះទេ» ។

កាលពីថ្ងៃពុធ អ្នកនាំពាក្យមន្ទីរ បញ្ចកោណ លោក John Kirby បាននិយាយថា លោក Austin និង Gantz នឹងពិភាក្សាអំពីការបង្កហេតុ នុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ និងសកម្មភាពអស្ថិរភាព ក្នុងអំឡុង ពេលកិច្ចប្រជុំនាពេលខាងមុខ។

មុននេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកថា រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Benny Gantz អំឡុងពេលក្នុងកិច្ចប្រជុំនៅមន្ទីរ ប៉ង់តាហ្គោននៅថ្ងៃព្រហស្បតិ៍ គឺនឹងពិភាក្សាអំពីផែនការ ធ្វើសមយុទ្ធយោធា ដើម្បីត្រៀមរៀបចំ សម្រាប់លទ្ធភាព នៃការវាយប្រហារដើម្បីកម្ទេចរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលគួរតែជាបរាជ័យផ្នែកការ ទូតជាមួយទីក្រុងតេអេរ៉ង់ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top