បរទេស ៖ រដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានព្រមព្រៀងគ្នា នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ លើភាពចំបាច់ក្នុងការពង្រឹង សម្ពន្ធភាព របស់ប្រទេសទាំងពីរ ស្របពេលបរិយាកាសសន្តិសុខ ក្នុងតំបន់កាន់តែតានតឹងឡើង ។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News បានឲ្យដឹងថា លោក Antony Blinken និងលោក Yoshimasa Hayashi បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា នៅក្រៅកិច្ចប្រជុំក្រុមរដ្ឋមន្ត្រី ការបរទេស G7 នៅក្នុងទីក្រុង Liverpool ប្រទេសអង់គ្លេស។
នៅក្នុងសន្និសីទកាសែទមួយ មន្ត្រីរដ្ឋាភិបាលជប៉ុន មួយរូបបាននិយាយប្រាប់ថា “លោករដ្ឋមន្ត្រី (ទាំងពីរ) ស្របពេលមានបរិយាកាស សន្តិសុខក្នុងតំបន់កាន់ តែអាក្រក់នោះ បានព្រមព្រៀងគ្នា ថា វាជារឿងមិនអាចខ្វះបាន ក្នុងការជំរុញបង្កើនសមត្ថភាព ទប់ស្កាត់និងឆ្លើយតប នៃសម្ពន្ធភាពជប៉ុន-អាមេរិក”។
គួរបញ្ជាក់ថា ប្រឈមមុខនឹងការប្រមូលផ្តុំកម្លាំងយោធារបស់ចិន និងកម្មវិធីនុយក្លេអ៊ែ និងមីស៊ីលរបស់កូរ៉េខាងជើងនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា លោកមានគម្រោងពង្រឹង ជាមូលដ្ឋាន នូវគោល ជំហរការពារជាតិ របស់ជប៉ុន ដោយពិចារណា ក្នុងជម្រើសនានា រួមទាំងការទទួលបានសមត្ថភាព វាយប្រហារមូលដ្ឋាន របស់សត្រូវផងដែរ ៕ ប្រែសម្រួល៖ប៉ាង កុង