ព័ត៌មានអន្តរជាតិ

ជប៉ុន ព្រមព្រៀង ដំណើរការខ្សែ ទាក់ទងយោធា បន្ទាន់ជាមួយចិន នៅឆ្នាំក្រោយ

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសជប៉ុន លោក Nobuo Kishi នាពេលថ្មីៗនេះ បានយល់ព្រមដំណើរ ការខ្សែទាក់ទង យោធាបន្ទាន់មួយ ជាមួយនឹងប្រទេសចិន នៅក្នុងឆ្នាំ២០២២ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ABC នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ។

ការព្រមព្រៀងបង្កើត ខ្សែទាក់ទងយោធា បន្ទាន់នេះ គឺត្រូវបានប្រកាសឡើងដោយមន្ត្រី នាំពាក្យរដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារនេះ ដោយផ្អែកលើកិច្ច ពិភាក្សាគ្នាថ្មីៗនេះ រវាងលោក Nobuo Kishi និង រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសចិន គឺលោក Wei Fenghe។

ប្រធានខុទ្ទកាល័យ របស់ ប្រទេសជប៉ុន លោក Hirokazu Matsuno បានមានប្រសាសន៍ប្រាប់ថា លោក Nobuo Kishi បានប្រារព្ធធ្វើកិច្ច ពិភាក្សាគ្នា តាមវីដេអូខល ជាមួយលោក Wei Fenghe កាលពីថ្ងៃចន្ទ ហើយលោករដ្ឋមន្ត្រី ការពារជាតិជប៉ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថិរភាព នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ។

លោក Hirokazu Matsuno បានមានប្រសាសន៍បន្តយ៉ាងដូច្នេះថា “ខ្សែទំនាក់ទំនងយោធាបន្ទាន់មួយ រវាងអាជ្ញាធរការពារជាតិជប៉ុន និងចិន ត្រូវបានព្រមព្រៀងគ្នាបង្កើតឡើង ហើយយើងមានបំណង ចាប់ផ្តើមដំណើរការ នៅចុងឆ្នាំក្រោយនេះ” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top