បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីប្រធានបទជាច្រើន រួមទាំងការចរចាការទូតផង នេះបើតាមការនិយាយ ឲ្យដឹងពីសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ។
មន្ត្រីនាំពាក្យ ឲ្យក្រុមប្រឹក្សាសន្តិសុខជាតិ លោកស្រី Emily Horne បានមានប្រសាសន៍ថា រដ្ឋបាលលោក បៃដិន នឹងចូលរួមក្នុងកិច្ចពិភាក្សាគ្នា និងសម្របសម្រួល ស្តីពីវិធីសាស្ត្ររួម ក្នុងដំណើរឆ្លើយតប ចំពោះការប្រមូលផ្តុំយោធារបស់រុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI លោកស្រីបានបន្តមានប្រសាសន៍យ៉ាងដូច្នេះថា “លោកប្រធានាធិបតី បៃដិន បាននិយាយគ្នា ជាមួយបណ្ដាមេដឹកនាំ នៅទូទាំងអឺរ៉ុប ហើយមន្ត្រីរដ្ឋបាលលោក បៃដិន បានចូលរួមជាមួយអង្គការណាតូ និងសហភាពអឺរ៉ុប ព្រមទាំងអង្គការ OSCE“។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសអ៊ុយក្រែន បានធ្វើការប៉ាន់ស្មានថា មានកងទ័ពរុស្ស៊ី ចំនួន១២២.០០០នាក់ កំពុងស្ថិតនៅក្នុងចម្ងាយ ១២៤ម៉ាយ ពីព្រំដែនរបស់ខ្លួន គឺកើនឡើងចំនួនរាប់ម៉ឺននាក់ ពីប៉ុន្មានសប្ដាហ៍មុន៕ ប្រែសម្រួល៖ប៉ាង កុង