ព័ត៌មានអន្តរជាតិ

គោលនយោបាយ ការបរទេស របស់លោក បៃដិន ក្នុងឆ្នាំ២០២១ បង្កឱ្យមានការព្រួយបារម្ភ អំពីជំហរសកល របស់អាមេរិក

វ៉ាស៊ីនតោន៖ សារព័ត៌មាន Fox News បានរាយការណ៍ថា គោលនយោបាយ ការបរទេស របស់រដ្ឋបាលលោក បៃដិន បានបន្ថយជំហរសកល របស់សហរដ្ឋអាមេរិក ជាមួយនឹង “ការភូតកុហកម្តងហើយម្តងទៀត” នេះបើតាមប្រភពដោយ ដកស្រង់សម្តីអ្នកជំនាញ គោលនយោបាយ ការបរទេស និងសមាជិកសភា។

របាយការណ៍បានឲ្យដឹងថា “ការដកទ័ពរបស់សហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ បានទាក់ទាញការប្រតិកម្មជាសកល បន្ទាប់ពីពួកតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងកាប៊ុល យ៉ាងឆាប់រហ័ស” ដោយបន្ថែមថាការដកខ្លួនដ៏អាក្រក់នេះបានជំរុញឱ្យមេដឹកនាំយោធាចូលនិវត្តន៍មួយចំនួនអំពាវនាវឱ្យមានការលាលែងពីតំណែងរបស់យោធាកំពូល និងការទូតរបស់លោក បៃដិន ។ មន្ត្រីរួមមានប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin ។

នៅឆ្នាំនេះ សហរដ្ឋអាមេរិក ក៏បានឃើញទំនាក់ទំនងរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តអឺរ៉ុប កាន់តែជូរចត់ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានបង្កើតប្រវត្តិសាស្ត្រការទូត នៅពេលដែលប្រទេសបារាំង ដែលជាសម្ព័ន្ធមិត្តចាស់ជាងគេរបស់ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីទីក្រុងវ៉ាស៊ីនតោន ជាលើកដំបូង ដោយសារកិច្ចព្រមព្រៀងនាវាមុជទឹកដ៏ចម្រូងចម្រាស ដែលបារាំង បានពិពណ៌នាថា ជាការវាយប្រហារនៅក្នុង ខាងក្រោយ។

ទន្ទឹមនឹងនោះ ភាពតានតឹងជាមួយរុស្ស៊ី និងចិនក៏បានកើនឡើងផងដែរ អំឡុងពេលរដ្ឋបាលលោក បៃដិន ។ របាយការណ៍នេះបានឲ្យដឹងទៀតថា “គោលនយោបាយការបរទេសរបស់រដ្ឋបាលលោក បៃដិន បានបន្ថយជំហររបស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោក”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top