បរទេស ៖ ទូរទស្សន៍ NBC បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួន ដើម្បីកាត់បន្ថយចំនួន ទាហាន អាមេរិក និងសមយុទ្ធយោធា ដែលបានធ្វើឡើង នៅអឺរ៉ុបខាងកើតក្នុងអំឡុង ពេលកិច្ចពិភាក្សាសន្តិសុខ ទ្វេភាគីជាមួយទីក្រុងម៉ូស្គូ នាពេលខាងមុខ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សំណើនេះ ត្រូវបាននិយាយថា អាស្រ័យលើថា តើរុស្ស៊ីយល់ព្រមកាត់បន្ថយសកម្មភាពយោធា ដែលត្រូវបានចោទប្រកាន់នៅជិតព្រំដែន អ៊ុយក្រែន ឬយ៉ាងណា ខណៈដែលរដ្ឋាភិបាល ទីក្រុងម៉ូស្គូ បានចង្អុលបង្ហាញម្តង ហើយម្តងទៀតថា ខ្លួនមានសេរីភាពក្នុងការផ្លាស់ប្តូរអង្គភាពយោធានៅក្នុងទឹកដីរបស់ខ្លួន ។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងការបរទេស អាមេរិកបាននិយាយក្នុងអំឡុង សន្និសិទតាមទូរស័ព្ទមួយ កាលពីថ្ងៃសុក្រថា “វាមិនត្រឹមត្រូវទេ ដែលរដ្ឋបាលសហរដ្ឋអាមេរិក កំពុងបង្កើតជម្រើស សម្រាប់ការដកកងកម្លាំង អាមេរិកត្រឡប់មកវិញ នៅអឺរ៉ុបខាងកើត” ។

មន្ត្រីរូបនេះក៏បានបន្ថែមថា “ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន បន្ថែមទៀត យើង (អាមេរិក) នឹងផ្តល់សម្ភារៈការពារបន្ថែម ដល់ប្រជាជនអ៊ុយក្រែនខាងលើ និងលើសពីអ្វីដែលយើងកំពុង ស្ថិតនៅក្នុងដំណើរការផ្តល់រួចហើយ” ៕
ប្រែសម្រួលៈ ណៃ តុលា
