បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov កាលពីថ្ងៃច័ន្ទ បានព្រមានសមភាគីអាមេរិក អំពីទម្រង់នៃការឆ្លើយតបផ្នែកយោធាមួយចំនួន ចំពោះសហរដ្ឋអាមេរិកដែលដាក់អាវុធទំនើបៗនៅអឺរ៉ុប ហើយវិធានការយោធា គឺអាចនឹងអាចធ្វើទៅបាននាពេលអនាគត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sergey Ryabkov បានទទូចថា ប្រសិនបើអង្គការ NATO បន្តឆ្ពោះទៅរកការដាក់ពង្រាយសមត្ថភាពថ្មីនៅក្នុងសព្វាវុធ “ដែលកំពុងត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក” នោះ គឺយោធារុស្ស៊ីអាចនឹងឆ្លើយតបតាមរបៀបដែល “នឹងធ្វើឱ្យខូចសន្តិសុខរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធអឺរ៉ុបរបស់អាមេរិក ដោយជៀសមិនរួច ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីមួយថ្ងៃនៃការចរចាដ៏សំខាន់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី លើការធានាសន្តិសុខនៅទីក្រុងហ្សឺណែវ លោក Ryabkov ក៏បាននិយាយផងដែរថា រហូតមកដល់ពេលនេះមិនមានការរីកចម្រើនលើសំណើរបស់រុស្ស៊ីក្នុងការទប់ស្កាត់ការពង្រីកអង្គការណាតូនោះទេ។ លោកបាននិយាយថា បាល់ឥឡូវនេះស្ថិតនៅក្នុងទីធ្លារបស់ណាតូ ដែលតាមសំដីរបស់គាត់ ទីបំផុត ត្រូវតែធ្វើ “ជំហានពិតប្រាកដ” ឆ្ពោះទៅរកការស្វែងរកមូលដ្ឋានរួមគ្នាជាមួយរុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា

