បរទេស៖កងទ័ពជើងអាកាសតៃវ៉ាន់ នៅថ្ងៃអង្គារនេះ បានផ្អាកធ្វើការហ្វឹកហាត់ប្រយុទ្ធ សម្រាប់កងយន្តហោះចម្បាំង F-16 របស់ខ្លួន ក្រោយម៉ូដែលទើបធ្វើទំនើបកម្មថ្មីៗរបស់យន្តហោះចម្បាំងនេះ បានធ្លាក់ចូលទៅក្នុងសមុទ្រ ក្នុងហេតុការណ៍គ្រោះថ្នាក់ជាបន្តបន្ទាប់។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំង F-16V ដែលជាប្រភេទដ៏ទំនើបបំផុតក្នុងកងយន្តហោះរបស់តៃវ៉ាន់ បានបាត់ពីប្រព័ន្ធរ៉ាដា ក្រោយធ្វើការហោះហើរចេញពីមូលដ្ឋានទ័ពអាកាស Chiayi ស្ថិតនៅលើកោះតៃវ៉ាន់ភាគខាងត្បូង សម្រាប់បេសកកម្មហ្វឹកហាត់មួយ ជុំវិញរយៈចម្ងាយបាញ់ប្រហារនៅដែនសមុទ្រ។
មន្ត្រីនាំពាក្យប្រធានាធិបតីតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយថា លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន បានចេញសេចក្តីណែនាំឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងបេសកកម្មស្វែងរកនិងជួយសង្គ្រោះ និងឲ្យធ្វើការបញ្ជាក់បន្ថែមទៀត លើមូលហេតុដែលបណ្ដាលឲ្យមានឧបទ្ទវហេតុនោះ។
មជ្ឈមណ្ឌលទីបញ្ជាការជួយសង្គ្រោះរបស់រដ្ឋាភិបាល បាននិយាយប្រាប់ថា សាក្សីដែលបានឃើញហេតុការណ៍នោះ បានឃើញយន្តហោះធ្លាក់ចូលទៅក្នុងសមុទ្រ ហើយនាពេលបច្ចុប្បន្ននេះ ឧទ្ធម្ភាគចក្រនិងនាវាកំពុងតែធ្វើការតាមស្វែងរកពីឡុត៕ប្រែសម្រួល៖ប៉ាង កុង