ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ស្វះស្វែងឲ្យពង្រឹងសាច់ដុំយោធា ក្រោយការតេស្តមីស៊ីល លឿនជាងសម្លេង

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យធ្វើការជំរុញ ពង្រឹងកងកម្លាំងយោធា យុទ្ធសាស្ត្ររបស់ប្រទេស ស្របពេលដែលលោកធ្វើការអង្កេតមើល ការបាញ់តេស្តសាកល្បងមីស៊ីល ហោះលឿនជាងសម្លេង នេះបើយោងតាមការចេញផ្សាយ របស់កាសែតផ្លូវការកូរ៉េខាងជើង នៅថ្ងៃពុធនេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ថា ក្រោយការចូលរួមពិនិត្យមើល ការធ្វើតេស្តមីស៊ីលនោះ លោក គីម ជុងអ៊ុន បានជំរុញអ្នកវិទ្យាសាស្ត្រយោធា ឲ្យពន្លឿនថែមទៀតនូវកិច្ចប្រឹងប្រែង ពង្រឹងសាច់ដុំយោធាយុទ្ធសាស្ត្រ របស់ប្រទេស ទាំងផ្នែកគុណភាពនិងបរិមាណ និងធ្វើទំនើបកម្មកងទ័ពបន្ថែមទៀត។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALARABIYA នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នេះគឺជាលើកទីមួយ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក ដែលមេដឹកនាំកូរ៉េខាងជើងរូបនេះ បានចូលរួមមើលការតេស្តមីស៊ីល។

ចំណែកលោក Ankit Panda ជាមន្ត្រីជាន់ខ្ពស់មួយរូបនៅវិទ្យាស្ថាន បានសរសេរបង្ហោះនៅលើ បណ្ដាញទំនាក់ទំនងសង្គមធ្វីតធ័រ យ៉ាងដូច្នេះថា “វត្តមានរបស់លោកនៅទីនេះ នឹងបង្កឲ្យមានការយកចិត្តទុកដាក់ ចាប់អារម្មណ៍យ៉ាងពិសេស លើកម្មវិធីនេះ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top