បរទេស ៖ អង្គការសម្ពន្ធមិត្តយោធា ដឹកនាំដោយរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើម ដកកម្លាំងចេញ ពីប្រទេសកាហ្សាក់ស្ថាន ក្រោយការដាក់ ពង្រាយរយៈពេល១សប្ដាហ៍ ក្នុងពេលមានការផ្ទុះភាព ចលាចល ជាពេលដែលអាជ្ញាធរក្នុងប្រទេស កាហ្សាក់ស្ថាន និយាយថា អតីតប្រធានសន្តិសុខជាតិ ជាប់សង្ស័យពីការ ប៉ុនប៉ងធ្វើរដ្ឋប្រហារ ។
ប្រទេសរុស្ស៊ីបាននិយាយថា ការដកទ័ពវិញនេះ នឹងចប់សព្វគ្រប់នៅត្រឹមថ្ងៃទី១៩ ខែមករា គឺលឿនជាងការដែលបានប្រកាសពីមុន។ ការពង្រាយកងកម្លាំងនោះ ត្រូវបានរិះគន់ដោយមេដឹក នាំលោកខាងលិច ដែលមានការព្រួយបារម្ភ ពីការប្រមូលផ្តុំកងទ័ពរបស់រុស្ស៊ី នៅជិតប្រទេសអ៊ុយក្រែន ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានមានប្រសាសន៍ថា បេសកកម្មក្នុងប្រទេសកាហ្សាក់ស្ថាន គឺទទួលបានភាពជោគជ័យ ហើយជាការអនុវត្តមួយ ធានាដល់ការសិក្សារៀនសូត្របន្ថែមទៀត។
គួរបញ្ជាក់ថា ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន គឺលោក Kassym-Jomart Tokayev បានសុំជំនួយពីអង្គការសន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ថា CSTO កាលពីសប្ដាហ៍មុន ក្រោយមានការតវ៉ា ដោយសន្តិវិធីក្នុងពេលចាប់ផ្តើម ពាក់ព័ន្ធនឹងតម្លៃប្រេងសាំង ឡើងថ្លៃ ហើយបានប្រែជាហិង្សា នៅក្នុងទីក្រុងធំៗជាច្រើន ៕
ប្រែសម្រួល៖ប៉ាង កុង