ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់ មីស៊ីល រយៈចម្ងាយខ្លី ចំនួន២គ្រាប់ ចូលក្នុងសមុទ្រ ខាងកើត

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយ ខ្លីចំនួន២គ្រាប់ ចូលទៅក្នុងដែនទឹក ភាគខាងកើត ដែលជាការបាញ់បង្ហោះលើកទី៣ ក្នុងរយៈពេលតិចជាង ២សប្តាហ៍ ។ នាយសេនាធិការ ចម្រុះកូរ៉េខាងត្បូង ហៅកាត់ (JCS) បានឲ្យដឹងដូច្នេះ ។

JCS បានឲ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូង បានរកឃើញមីស៊ីលចំនួន២គ្រាប់ ដែលសន្មតថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលត្រូវបានបាញ់ឆ្ពោះទៅទិសឦសាន ចូលទៅក្នុងសមុទ្រខាងកើត ពីតំបន់ Uiju ភាគពាយ័ព្យ របស់កូរ៉េខាងជើង ក្នុងខេត្ត North Pyongan នៅម៉ោងប្រហែល២និង៤១នាទីរសៀល ត្រូវនឹងម៉ោង៥និង៤១នាទីម៉ោងសកល និងម៉ោង២និង៥២នាទីរសៀល ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៥និង៥២នាទីម៉ោងសកល ។

គ្រាប់មីស៊ីលបានហោះក្នុងរយៈចម្ងាយ ប្រហែល៤៣០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ប្រហែល ៣៦គីឡូម៉ែត្រ ។ យោងតាម JCS បានឱ្យដឹងថា អាជ្ញាធរស៊ើប ការណ៍សម្ងាត់ របស់ប្រទេស កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក កំពុងធ្វើការវិភាគយ៉ាង ជាក់លាក់អំពីព័ត៌មានលម្អិត បន្ថែមអំពីគ្រាប់មីស៊ីល ទាំងនោះ ។ នេះបើយោងតាម JCS ។

JCS បានកត់សម្គាល់ ថា យោធាកូរ៉េខាងត្បូង កំពុងតាមដាន ស្ថានការណ៍ពាក់ព័ន្ធ និងរក្សាជំហរត្រៀមខ្លួន ដើម្បីត្រៀមខ្លួន សម្រាប់ការបាញ់ បង្ហោះបន្ថែមទៀត ដែលអាចធ្វើទៅបាន ដោយកូរ៉េខាងជើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top