បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅពេលថ្មីៗនេះថា លោកសង្ឃឹមថា កិច្ចពិភាក្សាសន្តិសុខ ជាមួយសហរដ្ឋអាមេរិក នឹងអាចបន្ត បើទោះជាប្រទេសទាំងពីរ និងអង្គការសម្ពន្ធមិត្តយោធាណាតូ មិនបានឈានដល់ ការធ្វើកិច្ចព្រមព្រៀងណាមួយ នៅក្នុងកិច្ចពិភាក្សាគ្នា កាលពីដើមសប្ដាហ៍នេះក៏ដោយ។

សេតវិមាននិងអង្គការសម្ពន្ធមិត្តយោធា ណាតូ កំពុងតែព្យាយាមឲ្យរុស្ស៊ី បន្ថយភាពតានតឹង នៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន ជាទីដែលប្រទេសរុស្ស៊ី បានប្រមូលផ្តុំកងទ័ពប្រមាណ ១០០.០០០នាក់។ វិមានក្រឹមឡាំង បានទាមទារឲ្យមាន ការធានាថា ប្រទេសអ៊ុយក្រែន នឹងមិនក្លាយជាសមាជិក របស់អង្គការណាតូ។
លោក Sergey Lavrov បានមានប្រសាសន៍ដូច្នេះថា លោកចង់បានអ្វីខ្លះៗសរសេរល័ក្ខអក្សរ ដែលធានាដល់សន្តិសុខ ដែលប្រទេសរុស្ស៊ីកំពុងតែស្វែងរក។ អគ្គលេខាធិការអង្គការសម្ពន្ធមិត្តណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា ណាតូនឹងប្រឹងប្រែងធ្វើការ ដើម្បីបំបាត់គម្លាតក្នុងអ្វីដែលរុស្ស៊ី កំពុងតែទាមទារ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានឲ្យដឹងថា លោក Jens Stoltenberg បានមានប្រសាសន៍បន្តទៀតដូច្នេះថា “មានការខ្វែងគំនិតគ្នាជាខ្លាំង រវាងសម្ពន្ធមិត្តណាតូនិងប្រទេសរុស្ស៊ី ស្តីពីបញ្ហាទាំងនេះ ហើយភាពខ្វែងគំនិតគ្នារបស់យើង នឹងមិនងាយដោះស្រាយនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង
