បរទេស៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីនិងប្រទេសបេឡារុស នឹងប្រារព្ធធ្វើសហសមយុទ្ធយោធា នៅក្នុងខែកុម្ភៈ ស្របពេលមានភាពតានតឹង កំពុងតែកើនកម្តៅខ្លាំងឡើង រវាងលោកខាងកើត និងលោកខាងលិច ជុំវិញរឿងប្រទេសអ៊ុយក្រែន។
ប្រទេសរុស្ស៊ី ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ របស់ប្រទេសបេឡារុស នាពេលថ្មីៗនេះ បានធ្វើឲ្យលោកខាងលិចនិងទីក្រុងគៀវ មានក្តីព្រួយបារម្ភ ដោយប្រមូលផ្តុំកងទ័ពនៅជិតព្រំដែន នៃប្រទេសអ៊ុយក្រែន និងវោហារសាស្ត្រគម្រាមកំហែង បង្កឲ្យមានការភ័យខ្លាចថា រុស្ស៊ីគ្រោងធ្វើការឈ្លានពាន។
លោក Alexander Lukashenko បាននិយាយប្រាប់ រដ្ឋមន្ត្រីការពារជាតិ របស់លោកថា “យើងកំពុងតែគ្រោងចាប់ផ្តើមធ្វើសមយុទ្ធក្នុងខែកុម្ភៈ កំណត់កាលបរិច្ឆេទជាក់លាក់ និងសូមឲ្យយើងបានដឹង ដូច្នោះយើងមិនត្រូវបានគេរិះគន់ សម្រាប់ការប្រមូលផ្តុំ កងទ័ពមួយចំនួននៅទីនេះ ដែលហាក់ដូចជាយើងត្រៀមរៀបចំ ធ្វើសង្គ្រាមនោះទេ”។
គួរបញ្ជាក់ថា ប្រទេសបេឡារុស ដែលជាអតីតសាធារណរដ្ឋសូវៀត មានប្រជាជនចំនួន៩,៤លាននាក់នេះ មានព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន នៅភាគខាងត្បូង និងសមាជិកអង្គការ សម្ពន្ធមិត្តយោធាណាតូ គឺប្រទេសប៉ូឡូញ និងលីទុយអានី នៅផ្នែកទិសខាងលិច៕ ប្រែសម្រួល៖ប៉ាង កុង
