បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងចើង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានធ្វើការបញ្ជាក់ពីការវាយប្រហារ ចំគោលដៅពេញៗ របស់មីស៊ីលយុទ្ធសាស្ត្រពីរគ្រាប់ នៅក្នុងការបាញ់តេស្ត ដ៏ថ្មីចុងក្រោយបំផុតរបស់ខ្លួន ស្របពេលដែល ប្រទេសកុម្មុយនិស្តឯកោនេះ បន្តធ្វើការតេស្តអាវុធជាបន្តបន្ទាប់ ក្នុងដំណើរបង្ហាញ ពីការអភិវឌ្ឍឃ្លាំអាវុធរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ កូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ថា “ការបាញ់តេស្តសាកល្បង គឺមានគោលដៅធ្វើការ វាយតម្លៃយ៉ាងសំរិទ្ធសំរាំង នូវមីស៊ីលយុទ្ធសាស្ត្រ ដែលកំពុងតែធ្វើការ ផលិតនិងដាក់ពង្រាយ និងដើម្បីបញ្ជាក់ ពីភាពត្រង់នៃប្រព័ន្ធអាវុធ”។
កាសែត KCNA ដដែលនេះ បាននិយាយថា មីស៊ីលដែលបាញ់តេស្ត កាលពីថ្ងៃចន្ទនោះ វាយប្រហារចំគោលដៅមួយនៅលើកោះ ស្ថិតនៅសមុទ្រចន្លោះប្រទេសកូរ៉េ និងប្រទេសជប៉ុន ហើយក្រុមមន្ត្រីកូរ៉េខាងជើង បានបញ្ជាក់ពីភាពបាញ់ត្រង់ សន្តិសុខនិងប្រសិទ្ធភាព នៃប្រតិបត្តិការរបស់ប្រព័ន្ធអាវុធ ដែលកំពុងស្ថិតក្រោមការផលិតនោះ។
គួរបញ្ជាក់ថា យោធារបស់ប្រទេសកូរ៉េខាងត្បូង ដើមឡើយបានប្រកាស អំពីការបាញ់មីស៊ីលផ្លោងវាយប្រហារ រយៈចម្ងាយខ្លីចំនួន២គ្រាប់ ពីអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងព្យុងយ៉ាង កាលពីព្រឹកថ្ងៃចន្ទ ដោយនិយាយថា មីស៊ីលទាំងនោះ បានហោះបានចម្ងាយ ២៣៦ម៉ាយ ក្នុងរយៈកម្ពស់២៦ម៉ាយ៕ ប្រែសម្រួល៖ប៉ាង កុង