បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា វាជាពេលពិនិត្យបញ្ហា នៃការចាប់ផ្តើមឡើងវិញ នូវសកម្មភាពដែលបានផ្អាក ជាបណ្ដោះអាសន្នទាំងអស់ ដែលនេះជាការពោលសំដៅច្បាស់ៗ ចំពោះការលុបចោលការផ្អាក លើការធ្វើតេស្តមីស៊ីល វាយប្រហារចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែ។
តាមសេចក្តីរាយការណ៍ លោក គីម ជុងអ៊ុន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំការិយាល័យ នយោបាយបក្សពលករកូរ៉េកាលពីថ្ងៃពុធ ដែលបានឡើងក្រោយការ តេស្តមីស៊ីលវាយប្រហារ ក្នុងចម្ងាយខ្លី និងទណ្ឌកម្មថ្មីពីទីក្រុងវ៉ាស៊ីនតោន។
យោងតាមទីភ្នាក់ងាសារព័ត៌មានផ្លូវការកូរ៉េ KCNA បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង បាននិយាយដូច្នេះថា “ដោយការវាយតម្លៃថា គោលនយោបាយអរិភាព និងការគម្រាមកំហែងយោធា ពីសហរដ្ឋអាមេរិក បានឈានដល់បន្ទាត់គ្រោះថ្នាក់មួយ មិនអាចមើលរំលងទៀតបាននោះ ការិយាល័យនយោបាយ បានទទួលស្គាល់រួមគ្នាថា យើងគួរតែត្រៀមរៀបចំ ដោយហ្មត់ចត់បន្ថែមទៀត សម្រាប់ការប្រឈមមុខ រយៈពេលវែង ជាមួយចក្រពត្តិអាមេរិក”។
លោក គីម ជុងអ៊ុន បានស្នើឲ្យមានការជំរុញ បង្កើនមធ្យោបាយរូបវិទ្យា ដ៏មានឥទ្ធិពលខ្លាំងឡើង និងបាននិយាយប្រាប់ថា ទីក្រុងព្យុងយ៉ាងនឹងធ្វើការត្រួតពិនិត្យ មើលដោយយកចិត្តទុកដាក់ ចំពោះបញ្ហានៃការចាប់ផ្តើមជាថ្មីឡើងវិញ នូវសកម្មភាព ដែលបានផ្អាកជាបណ្ដោះអាសន្នទាំងអស់៕ ប្រែសម្រួល៖ប៉ាង កុង
