ព័ត៌មានអន្តរជាតិ

ចិន ព្រមាន នាវាពិឃាត់មីស៊ីលអាមេរិក នៅដែនសមុទ្រចិនខាងត្បូង

បរទេស៖ ប្រទេសចិន បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានបញ្ជូននាវាចម្បាំងនិងយន្តហោះ ឲ្យទៅធ្វើការត្រួតពិនិត្យមើលនិងព្រមាន ឲ្យនាវាពិឃាតសមត្ថភាព មីស៊ីលអាមេរិកមួយគ្រឿង ធ្វើដំណើរចេញពីដែនទឹក នៅជិតប្រជុំកោះប៉ារ៉ាសែល ក្នុងដែនសមុទ្រចិនខាងត្បូង។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Hindustan Times នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នេះគឺជាហេតុការណ៍តានតឹងថ្មីបំផុតមួយ រវាងប្រទេសទាំងពីរ នៅក្នុងតំបន់ដែនសមុទ្រដែលមានជម្លោះ។
ទីបញ្ជាការតំបន់ភាគខាងត្បូង របស់កងទ័ពរំដោះប្រជាជនចិន បាននិយាយថា នាវាចម្បាំងអាមេរិក USS Benfold បានធ្វើដំណើរខុសច្បាប់ ចូលក្នុងដែនទឹករបស់ចិន ដោយគ្មានការអនុញ្ញាត ដែលជាការបំពានលើអធិបតេយ្យភាព ប្រទេសចិន និងថា កងទ័ពជើងទឹក និងកងទ័ពជើងអាកាសចិន បានតាមដាននាវានោះ នៅមុនពេលធ្វើការព្រមាន ឲ្យវាចាកចេញ។

ទីបញ្ជាការចិនដដែលនេះ បាននិយាយយ៉ាងដូច្នេះថា “សកម្មភាពរបស់ភាគីសហរដ្ឋអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន ដែលជាភស្តុតាងដ៏រឹងមាំមួយផ្សេងទៀតថា វាកំពុងតែព្យាយាមស្វែងរក អនុត្តរភាពនាវាចរណ៍ និងដាក់យោធា នៅដែនសមុទ្រចិន”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top