ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន៖ ស្ត្រីម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ពីបទប្រមាថលើការផ្ញើសារ WhatsApp

ប៉ាគីស្ថាន៖​ យោងតាមរបាយការណ៍ឲ្យដឹងថា តុលាការប៉ាគីស្ថាន បានកាត់ទោសប្រហារជីវិត ស្ត្រីមូស្លីមម្នាក់ Aneeqa Atteeq អាយុ ២៦ ឆ្នាំ បន្ទាប់ពីរកឃើញថា នាងមានទោសពីបទប្រមាថព្យាការី Mohammed របស់សាសនាឥស្លាម ដោយនាងបានជួបអ្នកចោទប្រកាន់ របស់នាងតាមអ៊ីនធើណេតកាលឆ្នាំ ២0១៩ នៅលើកម្មវិធីហ្គេមទូរស័ព្ទ ហើយអ្នកទាំង២បានទំនាក់ទំនងគ្នានៅលើ WhatsApp យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

ស្ត្រីម្នាក់ ត្រូវបានតុលាការប៉ាគីស្ថាន កាត់ទោសប្រហារជីវិត បន្ទាប់ពីបានផ្ញើសារប្រមាថតាមបណ្តាញ WhatsApp និង Facebook។ នាង Aneeqa Atteeq អាយុ ២៦ ឆ្នាំត្រូវបានកាត់ទោសនៅ Rawalpindi កាលពីថ្ងៃពុធ បន្ទាប់ពីពាក្យបណ្តឹងប្រឆាំង នឹងនាងក្រោមច្បាប់ស្តីពីឧក្រិដ្ឋកម្ម តាមអ៊ីនធើណេត និងច្បាប់ប្រមាថមើលងាយ របស់ប្រទេសប៉ាគីស្ថាន។

យោងតាមរបាយការណ៍សម្រាប់ The Guardian ថា នាងបានជួបអ្នកចោទប្រកាន់របស់នាង​ ដែលជាជនជាតិប៉ាគីស្ថាន តាមអ៊ីនធើណេតកាលឆ្នាំ ២0១៩ នៅលើកម្មវិធីហ្គេមទូរស័ព្ទ ចំណែកអ្នកទាំង២ បានទាក់ទងគ្នានៅលើ WhatsApp ។ លោកបាននិយាយថា នាងបានផ្ញើរូបគំនូរកំប្លែងរបស់ព្យាការី និងធ្វើការកត់សម្គាល់ អំពីបុគ្គលិកលក្ខណៈដ៏បរិសុទ្ធនៅលើ WhatsApp ខណៈលោកក៏ប្រើគណនី Facebook របស់នាងដើម្បីបង្ហោះសម្ភារៈប្រមាថ ដល់អ្នកដទៃផងដែរ។

ឯកសារចោទប្រកាន់ ក្នុងតុលាការបាននិយាយថា នាងមានចេតនាបង្ខូច (ឃ) បុគ្គលិកលក្ខណៈសុចរិតដ៏ពិសិដ្ឋ និងប្រមាថដល់ជំនឿសាសនា របស់ប្រជាជនម៉ូស្លីម។នាង Atteeq ជាអ្នកកាន់សាសនាឥស្លាម បានបដិសេធការចោទប្រកាន់នេះ ដោយប្រាប់តុលាការថា ជនជាប់ចោទរបស់នាងមានចេតនា ទាក់ទាញនាងឲ្យចូលរួម ក្នុងការពិភាក្សាសាសនា ដូច្នេះលោកអាចប្រមូលភស្តុតាង នៅក្នុងការសងសឹក បន្ទាប់ពីនាងបដិសេធ មិនរាប់អានលោក៕ ដោយ៖លី ភីលីព

Most Popular

To Top