បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសអេស្តូនី លីទុយអានី និង ប្រទេសឡាតវី កំពុងរង់ចាំការយល់ព្រមពីសហរដ្ឋអាមេរិក ក្នុងការបញ្ជូនអាវុធធុនធ្ងន់ដែលផលិតដោយអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍នេះបាននិយាយថា បណ្តាប្រទេសនៅរដ្ឋបាល់ទិកទាំងបី បានត្រៀមខ្លួនដើម្បីផ្ទេរអាវុធដូចជា សព្វាវុធសម្រាប់ការប្រឆាំងគ្រឿងសឹក និងមីស៊ីលបាញ់ពីដីទៅអាកាស ទៅកាន់ប្រទេសអ៊ុយក្រែន។
លោក Jim Risch ដែលជាមន្រ្តីជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋនៅគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាបានប្រាប់ Politico ថា លោកសង្ឃឹមថា រដ្ឋបាលរបស់លោក Biden នឹងយល់ព្រមភ្លាមៗនូវការផ្ទេរអាវុធទៅអ៊ុយក្រែននេះ។
បទប្បញ្ញត្តិអាជ្ញាប័ណ្ណនាំចេញរបស់សហរដ្ឋអាមេរិកតម្រូវឱ្យបណ្តាប្រទេសបាល់ទិក ស្វែងរកការយល់ព្រមពីក្រសួងការបរទេសជាមុនសិន មុននឹងផ្ទេរអាវុធទៅអ៊ុយក្រែន៕ប្រែសម្រួលៈ ណៃ តុលា