សេអ៊ូល៖ ទិន្នន័យគយបានបង្ហាញ នៅថ្ងៃសុក្រនេះឲ្យដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ២២ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមករា ដោយសារតម្រូវការដ៏រឹងមាំ សម្រាប់បន្ទះសៀគ្វី (ឈីប) និងផលិតផលប្រេង។
យោងតាមទិន្នន័យពី សេវាគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសមានចំនួន ៣៤,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីថ្ងៃទី០១-២០ ខែមករា ធៀបនឹង ២៨,២២ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ទិន្នន័យបានបង្ហាញថា ការនាំចូលបានកើនឡើង ៣៨,៤ភាគរយ កាលពីឆ្នាំមុនដល់ ៤០,១ ពាន់លានដុល្លារ ដែលបណ្តាលឱ្យមាន ឱនភាពពាណិជ្ជកម្មចំនួន ៥,៦៣ពាន់លានដុល្លារក្នុង អំឡុងពេលដែលបានលើកឡើង។

តាមវិស័យ ការនាំចេញឈីបអង្គចងចាំខាងក្រៅ ដែលជាទំនិញនាំចេញដ៏សំខាន់បំផុត របស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើង ២៩,៥ ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ការនាំចេញ Semiconductors មានចំនួនប្រហែល ២០ភាគរយនៃការនាំចេញ ដោយប្រទេសកូរ៉េខាងត្បូង ដែលជាកន្លែងរបស់ក្រុមហ៊ុន Samsung Electronics Co. ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប អង្គចងចាំធំជាងគេរបស់ពិភពលោក និងគូប្រជែងតូចជាងរបស់ខ្លួន គឺក្រុមហ៊ុន SK hynix Inc. ។
ការនាំចេញផលិតផលប្រេង បានកើនឡើង ៨៤ ភាគរយ ចំពេលតម្លៃប្រេងពិភពលោកខ្ពស់ ហើយការលក់ឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះក្នុងទីផ្សារក្រៅប្រទេស កើនឡើងជាងទ្វេដងក្នុងអំឡុងពេលនេះ។ ការនាំចេញរថយន្តក៏បានកើនឡើង ២២,៨ ភាគរយផងដែរ នេះបើយោងតាមទិន្នន័យ ៕
ដោយ ឈូក បូរ៉ា
