បរទេស ៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នាពេលថ្មីៗនេះ បានធ្វើការព្រមានថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតប ប្រសិនបើមានកងកម្លាំងរុស្ស៊ីបន្ថែមម្នាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។
ការថ្លែងរបស់លោក Antony Blinken នេះ គឺត្រូវបានធ្វើឡើងប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន CNN នៅក្នុងអំឡុងសន្និសីទកាសែតពេលព្រឹក ក្រោយក្រុមមន្ត្រីអ់ងគ្លេសនិយាយថា វិមានក្រឹមឡាំងគ្រោងបង្កើតមេដឹកនាំគាំទ្ររុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងបានពិចារណាយកបេក្ខភាពដ៏មានឥទ្ធិពលមួយរូប។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើកងកម្លាំងរុស្ស៊ីថែមម្នាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន តាមបែបឈ្លានពាននោះ ដូចខ្ញុំបាននិយាយ គឺនឹងបង្កឲ្យមានការឆ្លើយតបរួមគ្នាដ៏ខ្លាំងក្លាភ្លាមៗ ពីយើងនិងពីអឺរ៉ុប”។
គួរបញ្ជាក់ថា ការគម្រាមរបស់សហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើងក្រោយរុស្ស៊ីប្រមូលផ្តុំកងទ័ពប្រមាណ១០០.០០០នាក់ នៅតាមព្រំដែនរបស់ខ្លួនជាប់នឹងប្រទេសអ៊ុយក្រែន បង្កឲ្យមានការភ័យខ្លាចថា រុស្ស៊ីនឹងបង្កការឈ្លានពានមួយទៀត ក្រោយវិមាក្រឹមឡាំងយកតំបន់គ្រីមានពីអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤៕ប្រែសម្រួល៖ប៉ាង កុង