ប្រទេសថៃ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណាំកញ្ជានឹងត្រូវលុបចេញ ពីបញ្ជីគ្រឿងញៀន នៅក្នុងប្រទេសខ្លួន។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន Channel News Asia។

ក្រោមច្បាបថ្មីនេះ ពលរដ្ឋថៃ នឹងអាចធ្វើការដាំដើមកញ្ជាបាន ជាលក្ខណៈគ្រួសារ ដោយមិនខុសច្បាប់ ដូចមុនទៀតទេ។ ប៉ុន្តែមុននឹងធ្វើការដាំ ត្រូវផ្តល់ដំណឹងជាមុន ទៅកាន់មន្រ្តីនិងសមត្ថកិច្ច តាមមូលដ្ឋាន។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Anutin Charnvirakul បានថ្លែងប្រាប់អ្នកសារព័ត៍មានថា ពលរដ្ឋអាចដាំដើមកញ្ជាបាន ប៉ុន្តែមិនអាចយកទៅលក់ជួញដូរ ធ្វើអាជីវកម្មបានទេ។
គួរឱ្យដឹងផងដែរថា ថៃ ជាប្រទេសដំបូងគេ នៅក្នុងតំបន់អាសុីអាគ្នេយ៍ ដែលបានទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់កញ្ជា សម្រាប់ការស្រាវជ្រាវ ក្នុងវិស័យសុខាភិបាល នៅក្នុងឆ្នាំ២០១៨៕ Source: Sabay



